កម្ពុជា បានបញ្ជាទិញយន្តហោះ Boeing ពីអាមេរិក ក្នុងតម្លៃ ៣.២ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានបញ្ជាទិញយន្តហោះ ប៊ូអ៊ីង (Boeing) ដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣.២ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពពង្រីកបណ្តាញហោះហើរឆ្លងទ្វីប។
ការបង្ហាញខ្ទង់ចំណាយនេះ ត្រូបានប្រកាសដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សារវាងលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦។នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
លោកស្រី Aleks Zittle បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរ តាមរយៈ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង (Boeing) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងតម្លៃ ៣.២ ពាន់លានដុល្លារអាមេរិក ក៏ដូចជា ការវិនិយោគ ១០០ លានដុល្លារអាមេរិក របស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក (DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលស្របទៅនឹង ផែនការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានថ្មីនេះ។
លោកស្រី មានប្រសាសន៍ថា៖ «ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ នេះបង្ហាពីថា កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់យើងកំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា»។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានចុះកិច្ចព្រមព្រៀងបញ្ជាទិញហោះ Boeing 737 Max ចំនួន ១០ គ្រឿង ដែលគ្រោងនឹងប្រគល់ឱ្យនៅឆ្នាំ២០៣១។ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង គឺ ដើម្បីធ្វើឱ្យប្រសើរឡើងនៃប្រភេទយន្តហោះ និងលទ្ធភាពពង្រីកបណ្តាញហោះហើរ ដែលជាយុទ្ធសាស្ត្រប្រើប្រាស់ប្រភេទយន្តហោះចម្រុះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ហើយវាក៏រជួយសម្រួលដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ ឆ្លងទ្វីប និងការតភ្ជាប់ដោយផ្ទាល់ទៅកាន់តំបន់អាមេរិកខាងជើង ផងដែរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ «ការពង្រីកប្រភេទយន្តហោះនេះដើរតួជាកាតាលីករផ្ទាល់សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាមណ្ឌលអាកាសចរណ៍ថ្នាក់ 4F គាំទ្រដោយកញ្ចប់ហិរញ្ញប្បទាន ១០០លានដុល្លារ ពី DFC របស់សហរដ្ឋអាមេរិក។ តាមរយៈការផ្លាស់ប្តូរកម្ពុជាពីគោលដៅហោះហើរធម្មតាទៅជាមជ្ឈមណ្ឌល មូលដ្ឋានប្រតិបត្តិការយន្តហោះដ៏រឹងមាំ យុទ្ធសាស្ត្រនេះជួយពន្លឿនការបង្កើតសេវាកម្ម MRO (ការថែទាំ ការជួសជុល និងការកែលម្អ), ការបណ្តុះបណ្តាលអាកាសចរណ៍, និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដា ICAO និង IATA»។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏នឹងបញ្ជាទិញយន្តហោះ COMAC C909 របស់ចិនចំនួន ១០គ្រឿង ដែលគ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅចុងឆ្នាំ២០២៦នេះ ក្រោមការត្រួតពិនិត្យ របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីក្ដោបក្តាប់ការតភ្ជាប់ក្នុងតំបន់ និងទីផ្សារបន្ទាប់បន្សំរវាងចិន-អាស៊ាន៕






