ថៃ ឈរនៅលើគេបំផុតនៃតំបន់អាស៊ាន ក្នុងការកាន់កាប់កាំភ្លើង សម្រាប់ជនស៊ីវិល
យោងតាមទិន្នន័យឆ្នាំ២០១៧ ពីស្ថាប័ន Small Arms Survey បានឱ្យដឹងថា ថៃស្ថិតក្នុងអត្រាប៉ាន់ស្មាននៃការកាន់កាប់កាំភ្លើងខ្ពស់ជាងបំផុត សម្រាប់ជនស៊ីវិល ក្នុងចំណោមបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ដោយមានកាន់កាប់ចំនួន ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។
ចំនួនសរុបនៃអាវុធស៊ីវិល នៅក្នុងប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា មានជាង ១០,៣លានដើម ក្នុងឆ្នាំ២០១៧ ដោយចំនួនជាង ៤,១លានដើម មិនទាន់ចុះបញ្ជី ដែលនាំឱ្យអត្រាប៉ាន់ស្មានពីការកាន់កាប់អាវុធរបស់ថៃ សម្រាប់ជនស៊ីវិល គឺខ្ពស់ជាងប្រទេសដទៃទៀត នៅតំបន់អាស៊ាន។
កម្រិតប៉ាន់ស្មានខ្ពស់នៃការកាន់កាប់អាវុធស៊ីវិលរបស់ប្រទេសថៃ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនឡើងវិញ បន្ទាប់ពីមានការបាញ់ប្រហារនៅសាលារៀន ២លើក ក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារដ៏សាហាវ នៅសាលា Debsirin Nonthaburi កាលពីថ្ងៃទី៧ ខែសីហាផងដែរ ដែលបានជំរុញឱ្យរដ្ឋាភិបាលសន្យាថា នឹងមានការគ្រប់គ្រងអាវុធកាន់តែតឹងរ៉ឹង។
ហេតុការណ៍នោះបានបណ្ដាលឱ្យមានអ្នកស្លាប់ ៩នាក់ រួមទាំងខ្មាន់កាំភ្លើងអាយុ ១៤ឆ្នាំផងដែរ ហើយប៉ុន្មានថ្ងៃបន្ទាប់ គឺនៅថ្ងៃចន្ទ (ទី១០ ខែសីហា ឆ្នាំ២០២៦) អតីតសមាជិកសភាមួយរូប បានបាញ់បណ្ដាលឱ្យមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់ស្លាប់ ជុំវិញជម្លោះខ្ចីប្រាក់។
ការប៉ាន់ស្មានជាអន្តរជាតិដ៏ទូលំទូលាយចុងក្រោយបំផុតពីស្ថាប័ន Small Arms Survey បានដាក់ចំនួនអាវុធកាន់កាប់ដោយជនស៊ីវិល នៅក្នុងប្រទេសថៃ គឺ ១០,៣៤២លានដើម ក្នុងឆ្នាំ២០១៧ ស្មើនឹង ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។ នោះគឺជាអត្រាប៉ាន់ស្មានខ្ពស់បំផុត ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន នៅក្នុងសំណុំទិន្នន័យ៕






