បេក្ខនារីម្នាក់នៅខេត្តក្រចេះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ​ដោយសារជំងឺ​បានរើឡើង​ ក្នុងអំឡុងពេលប្រឡងនាពេលព្រឹកនេះ

​(ក្រចេះ)៖ បេក្ខនារី អ៊ុយ ច័ន្ទពិសី ​ដែលកំពុងប្រឡងសំណេរវិញ្ញាសាគណិតវិទ្យា ​នៅមណ្ឌលវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង ខេត្តក្រចេះ​ បន្ទប់លេខ២០ ​ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ទៅមន្ទីរពេទ្យក្រចេះ ដោយសារជំងឺរបស់នាង​បានរើឡើង រហូតបណ្តាលឱ្យសន្លប់។

បេក្ខជន ​អ៊ុយ ច័ន្ទពិសី ​មានជំងឺប្រចាំកាយ និងខ្វះជាតិស្ករធ្ងន់ធ្ងរ។ វេលាម៉ោង ៨:៣៧នាទី ជំងឺរើឡើង រហូតសន្លប់ ហើយត្រូវបានក្រុមគ្រូពេទ្យបានដឹកបញ្ជូនទៅមន្ទីរពេទ្យក្រចេះដើម្បីសង្គ្រោះបន្ទាន់។​

ជាមួយគ្នានេះ នៅមណ្ឌលប្រឡងដដែល បេក្ខនារីម្នាក់ឈ្មោះ ហ៊ីម ស៊ីវម៉ី ភេទស្រី បន្ទប់លេខ៥ ​បានជួបបញ្ហាសុខភាពដោយសារជំងឺគ្រុនឈាម។ បន្ទាប់ពីពិនិត្យ និងវាយតម្លៃរួច ប្រធានមណ្ឌលបានអនុញ្ញាតឱ្យបេក្ខជនរូបនេះ បន្តការប្រឡងនៅក្នុងបន្ទប់ពេទ្យ ដើម្បីធានាបានទាំងសុខភាព និងឱកាសក្នុងការប្រឡងរបស់នាង៕

You might also like