អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ក្រោយអ្នកស្លាប់កើនដល់ ២៤នាក់
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងសារអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមសហការគ្នាឲ្យបានផុលផុសក្នុងការកម្ចាត់មូសខ្លា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ដែលបច្ចុប្បន្នបានបណ្ដាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ២៤នាក់ហើយ។
តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកអភិបាលខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកបានបញ្ជាក់ថា រលកនៃការផ្ទុះជំងឺគ្រុនឈាមមិនទាន់ថមថយនៅឡើយទេ ដោយនៅថ្ងៃនេះមានរបាយការណ៍ថា កុមារក្នុងខេត្តកណ្ដាលបានស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៣នាក់បន្ថែមទៀត សរុប ២៤នាក់។ លោកក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ។
ករណីផ្ទុះជំងឺគ្រុនឈាមខ្លាំងជាងគេគឺនៅក្រុងសំពៅពូន ហើយបានរីករាលដាលបន្តទៅតាមបណ្ដាស្រុក-ក្រុងនានា។ ឆ្លើយតបនឹងស្ថានភាពនេះ មន្ត្រីសុខាភិបាលក្រោមការចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាល់បេតជារៀងរាល់ថ្ងៃនៅតាមបណ្ដាភូមិគ្រប់ច្រកល្ហក។
ទោះជាយ៉ាងនេះក្ដី លោក គួច ចំរើន នៅតែបន្តអំពាវនាវមិនដាច់ពីមាត់ឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ពីការខាំរបស់មូស បំផ្លាញជម្រកមូសខ្លា និងការពារខ្លួនព្រមទាំងកូនចៅឲ្យបានគ្រប់ៗគ្នា។ លោកក៏បានណែនាំផងដែរថា ប្រសិនបើមានអាការៈក្ដៅខ្លួន ហើយសង្ស័យកើតជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
លោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលស្ដីទីខេត្តកណ្ដាល បានឲ្យដឹងថា គិតចាប់ពីខែមករា ឆ្នាំ២០២៦ មក អ្នកឆ្លងជំងឺគ្រុនឈាមមានជាង ៦ពាន់នាក់ ហើយករណីឆ្លងថ្មីនៅខែសីហានេះ មានចំនួន ១,០២៥នាក់។ បច្ចុប្បន្ននៅសល់អ្នកជំងឺធ្ងន់-ស្រាលចំនួន ៤២៨នាក់ និងស្លាប់ ២៤នាក់។
លោកបានបញ្ជាក់បន្ថែមថា អ្នកស្លាប់ទាំងនោះ មិនមែនស្លាប់នៅក្នុងមន្ទីរពេទ្យណាមួយនៅក្នុងខេត្តកណ្ដាលឡើយ ពោលគឺស្លាប់នៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ។ ហេតុដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម គឺជារឿងចាំបាច់បំផុតដើម្បីការពារអាយុជីវិត៕






