កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ

(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុង ការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។

តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់៕

 

You might also like