មហាជនជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេឃើញតារាចម្រៀងលោក លឹម តិចម៉េង បានប្រកាសជាសាធារណៈ

ភ្នំពេញ ៖ មហាជនជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលគេឃើញតារាចម្រៀងលោក លឹម តិចម៉េង បានប្រកាសជាសាធារណៈដោយបង្ហាញបំណងពីការចង់លក់ម៉ូតូដែលលោកកំពុងជិះផ្ទាល់ខ្លួន ដើម្បីយកប្រាក់ទៅព្យាបាលជំងឺរបស់ម្តាយ ក្នុងពេលដែលលោកជាអ្នកសិល្បៈមានកេរ្តិ៍មួយរូប តែបែរជាជួបរឿងខ្វះខាតដល់ថ្នាក់នេះ ។
ដោយមិនទាន់បញ្ជាក់ពីស្ថានភាពជំងឺម្តាយ និងត្រូវការថវិកាច្រើនបែបណា ដើម្បីព្យាបាលជំងឺ តារាចម្រៀងប្រុសរូបនេះបានគូសបញ្ជាក់ថា ក្នុងនាម ជាអ្នកសិល្បៈមួយរូបលោកមិនអាចដាក់ការសុំជំនួយពីសប្បុរសជនណាម្នាក់ឡើយ ដោយសារនេះ គឺជារឿងក្រុមគ្រួសាររបស់លោក ខណៈពេលដែលលោកនៅអាចមានលទ្ធភាពទៅមុខបាននៅឡើយ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងលោក លឹម តិចម៉េង បានលើកឡើងថា បើសិនជាខ្ញុំ ត្រូវលក់ម៉ូតូមើលជំងឺម្តាយ ! សុំពុកម៉ែ បងប្អូនជួយទិញផង សុំលក់អោយ បងប្អូនដែលអាចរក្សាវាបានល្អ ពេលខ្ញុំមានលទ្ធភាព អាចសុំទិញមកវិញបាន ។
ក្រោយពេលបង្ហោះសំណេរខាងលើនេះ លោក លឹម តិចម៉េង ក៏បានធ្វើបញ្ជាក់តាមរយៈខមមិនឆ្លើយតបទៅកាន់មហាជនវិញថា អរគុណ ពុកម៉ែ បងប្អូន ពេលត្រូវលក់ខ្ញុំនឹងបង្ហោះម្តងទៀត បញ្ជាក់ខ្ញុំបាទមិនអាចដាក់ QR សុំជំនួយទេ គាត់ជាម្តាយខ្ញុំ ណាមួយខ្ញុំនៅអាចទៅមុខបាន មិនអីទេ ។
ជាការកត់សម្គាល់ មហាជន ជាពិសេស បណ្តាអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល និងមិនអាចជឿទេថា ក្នុងនាម ជាតារាចម្រៀងដែលមានកេរ្តិ៍ម្នាក់ក្នុងពេលបច្ចុប្បន្ន លោក លឹម តិចម៉េង បែរជាមានការខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺម្តាយ រហូតដល់ថ្នាក់លក់ម៉ូតួ ។
ទោះជាយ៉ាងណា មានការលើកឡើងថា បន្ទាប់ពីបានជាប់ការប្រឡង និងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មក្នុងស្រុកមួយនោះ សន្ទុះការគាំទ្ររបស់តារាចម្រៀងលោក លឹម តិចម៉េង គឺមានភាពខ្លាំងខ្លា ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់លោកហាក់មានការធ្លាក់ចុះវិញ ក្នុងពេលដែលបច្ចុប្បន្នលោកក៏រៀងស្ងាត់ក្នុងការចេញបទថ្មីៗបន្ថែមទៀតផងដែរ ។
ផ្ទុយពីការយល់ឃើញនេះ ក៏មានមតិមួយបានលើកឡើងថា ហ្វេនតារាចម្រៀងលោក លឹម តិចម៉េង អត់បានទៅណាទេ គឺនៅតែគាំទ្រដដែល នៅតាមមើលតាម event ដដែល នៅស្រឡាញ់ពេញបេះដូងដដែល ហើយគាត់ក៏នៅខំប្រឹងដដែល តែយើងមិនបាននៅក្នុងគ្រួសារគាត់ យើងមិនអាចដឹងថា ទំនួលខុសត្រូវរបស់គាត់លើគ្រួសារវាមានទំហំប៉ុណ្ណាឡើយ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានការផ្ទុះការវែកញែកខាងលើនេះ តារាចម្រៀងលោក លឹម តិចម៉េង មិនទាន់ចេញមុខបកស្រាយអំពីដែលលោកជួបប្រទះនៅឡើយទេ ខណៈពេលដែលលោកក៏មិនទាន់បានបញ្ជាក់ថា ម្តាយរបស់លោកបានទើបប្រទះនូវជំងឺអ្វី ហើយការលក់ម៉ូតូមួយគ្រឿងនេះបានតម្លៃប៉ុន្មាន សម្រាប់ថ្លៃព្យាបាលជំងឺម្តាយរបស់លោកនោះ ៕

You might also like