កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន នៅខណ្ឌមានជ័យ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:២៥នាទី ត្រង់ចំណុច ភូមិស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ជនសង្ស័យឈ្មោះ ជា វណ្ណារ័ត្ន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ដីឡូតិ៍ ស្ថិតនៅ ផ្លូវលំ ភូមិស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕






