សម្តេចនាយករដ្ឋមន្ត្រី ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែងទប់ឲ្យជាប់ កុំឲ្យខេត្តមួយនេះក្លាយទៅជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅជាដាច់ខាត
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំអាជ្ញាធរមានសមត្ថកិច្ចទប់ឲ្យជាប់ កុំឲ្យខេត្តមួយនេះក្លាយទៅជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅជាដាច់ខាត។
បើតាមប្រមុខរាជរដ្ឋាភិបាល ការបង្កើតសេដ្ឋកិច្ចសយឺតបន្តិចក៏ដោយ ប៉ុន្តែផ្ទះយើងនៅស្អាត។ ពេលដែលវារីក តែវាខ្មៅហើយពិបាកណាស់ ខេត្តមួយចំនួននៅក្នុងប្រទេសរបស់យើងដែលមានការផ្សព្វផ្សាយសំអុយឈ្មោះហើយគឺវាពិបាកណាស់នៅក្នុងការបោសសម្អាតឲ្យគេជឿឡើងវិញ ហើយយកល្អគឺកុំឲ្យវាប្រឡាក់ ដោយសម្តេចបានគូសបញ្ជាក់ថា បើមិនប្រយ័ត្ន មិនទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ជាពិសេសបទឧក្រិដ្ឋឆ្លងដែនគឺអាចក្លាយជាខេត្តឆ្លងកាត់ដ៏ធំក្នុងរឿងឧក្រិដ្ឋកម្មគ្រឿងញៀន ដែលត្រូវទប់ឲ្យជាប់កុំឲ្យកើតឡើងបាន ក្នុងនោះស្នងការខេត្តដែលទើបតែងតាំងថ្មីគឺត្រូវនឹងជំនាញនេះស្រាប់ ដោយលោកធ្លាប់ជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ខណៈដែលមន្ត្រីពាក់ព័ន្ធនឹងបទល្មើសចំនួន ៩រូបត្រូវបានដកចេញពីមុខដំណែង។
សម្តេចធិបតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងចំណោមខេត្តភូមិភាគឦសានទាំង៤ ខេត្តស្ទឹងត្រែងនេះគឺជាខេត្តដែលប្រទាក់ក្រឡា ហើយមានការឆ្លងកាត់ច្រើនជាងគេ មានមកពីភូមាជាដើម។ ផ្លូវទឹកជិត ១០០គីឡូម៉ែត្រគឺពិបាក ដែលយើងត្រូវពង្រាយកម្លាំងដើម្បីទប់ស្កាត់ដោយត្រូវមានការសហការរវាងនគរបាល អាវុធហត្ថ ហើយបើត្រូវការប្រើកងទ័ព កងទ័ពក៏ត្រូវចូលជួយ បើទោះបីជាកងទ័ពមិនមែនជា
មន្ត្រីអនុវត្តច្បាប់ដូចនគរបាលយុត្តិធម៌ក៏ពិតមែន ប៉ុន្តែត្រូវតែចូលរួមគាំទ្រដល់មន្ត្រីអនុវត្តច្បាប់ ព្រោះវាជាការងារសន្តិសុខជាតិ «រឿងឧក្រិដ្ឋកម្មឆ្លងដែន រឿងគ្រឿងញៀន គឺជារឿងសន្តិសុខជាតិ»៕ ដោយ






