ភ្លៀងធ្លាក់យ៉ាងគំហុក ខេត្តភាគខាងជើងចំនួន ២ របស់ថៃ ត្រូវទឹកជំនន់លិចក្លាយជាទន្លេ ហូរច្រោះដាច់ផ្លូវជាតិអស់ ៧ ខ្សែ

ថ្មីនេះៗ ភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កជាទឹកជំនន់ទៅវាយប្រហារខេត្តណាន និងខេត្តផាយ៉ៅ ភាគខាងជើងប្រទេសថៃ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវជាតិចំនួន ៧ ខ្សែជាបន្តបន្ទាប់គ្នា។
ក្នុងនោះ ខេត្តណាន គឺមានសភាពធ្ងន់ធ្ងរជាងគេ ដោយសារកម្លាំងទឹកបានធ្វើឱ្យផ្នែកខ្លះនៃផ្លូវជាតិលេខ ១០១ ត្រូវលិចលង់យ៉ាងខ្លាំង រហូតដល់មិនអាចឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បានឡើយ។
ក្រៅពីការលិចលង់ កម្លាំងទឹកជំនន់ដ៏សាហាវក៏បានបណ្ដាលឱ្យស្ពានសំខាន់ៗនៅលើផ្លូវជាតិលេខ ១២៥៦ និងផ្លូវជាតិលេខ ១៣៧១ ក្នុងខេត្តណាន ក៏ត្រូវបាក់រលំទាំងស្រុង ដែលធ្វើឱ្យការតភ្ជាប់រវាងតំបន់នានាត្រូវកាត់ផ្ដាច់ទាំងស្រុងតែម្តង។
ជាមួយគ្នានេះ ផ្នែកមួយនៃផ្លូវជាតិលេខ ១០៨១ ក៏ត្រូវបានទឹកហូរបោកបក់យ៉ាងខ្លាំង រហូតដល់មានការបាក់ស្រុតដី និងដាច់ផ្លូវ ដែលបង្កជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់។
ចំពោះខេត្តផាយ៉ៅវិញ អាជ្ញាធរបានរាយការណ៍ថា ទឹកជំនន់បានហូរកាត់កាត់ទទឹងផ្លូវជាតិលេខ ១០៩២ នៅក្នុងស្រុកប៉ុង ដែលធ្វើឱ្យរថយន្តធុនតូចមិនអាចបើកបរឆ្លងកាត់បានឡើយ។
បច្ចុប្បន្ន ផ្លូវដែលតភ្ជាប់ពីស្រុកពួ ទៅកាន់ស្រុកឈៀងក្លាងគឺមិនទាន់មានផ្លូវវាងសម្រាប់ធ្វើដំណើរនៅឡើយទេ ដែលតម្រូវឱ្យប្រជាពលរដ្ឋផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នរហូតដល់ទឹកស្រក។
យ៉ាងណាមិញ អាជ្ញាធរថៃ បានណែនាំដល់ប្រជាជនរបស់ខ្លួន ដែលធ្វើដំណើរពីស្រុកពួ ហើយមានបំណងទៅកាន់តំបន់ដយភូខា និងស្រុកបូក្លឿ ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១០៨១ ជំនួសវិញ ដើម្បីសុវត្ថិភាព និងចៀសវាងការកកស្ទះនៅចំណុចគ្រោះថ្នាក់ផងដែរ៕

You might also like