នាវាចម្បាំងអង់គ្លេស បានមកដល់មូលដ្ឋានសមុទ្ររាមហើយ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
ដូចការគ្រោងទុកនាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar បានចូលមកសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហានេះ ខណៈនាវានេះនឹងចូលសំចតរយៈពេល៨ថ្ងៃ ដោយ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា HMS Tamarនេះបានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដែល ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអង់គ្លេស និងកម្ពុជា។
បើតាមផេករបស់ស្ថាទូតអង់គ្លេសបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់នាវាល្បាតនេះ គឺជា ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិ ដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ស្ថានទូតបានបញ្ជាក់ទៀតថា ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវ សមុទ្រជាក់ស្តែង ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់អង់ គ្លេសចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ស្ថានទូតបានបញ្ជាក់ទៀតថា ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួច ដែលបានមកទស្សនកិច្ចមូលដ្ឋានជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ ២០២៥មក ហើយវត្តមានរបស់នាវា HMS Tamarនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើក ចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាជាដើម។
សូមបញ្ជាក់ថា បើតាមឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលសំចតនេះកងទ័ពជើងទឹករបស់កម្ពុជា និងអង់គ្លេសនឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា ស្តីពីការសង្រ្គោះគ្រោះមហន្តរាយបឋមនៅលើនាវា និងការលេងកីឡារួមគ្នាដើម្បី បង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងកម្មវិធីជាច្រើនទៀតផងដែរ៕






