ក្រសួងធនធានទឹក និងឧតុនិយម ៖ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលប្រមាណ២២ភាគរយហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមបណ្ដាញសង្គមផ្លូវការថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលប្រមាណ ២២ភាគរយហើយ។ ការប្រកាសនូវលទ្ធផលបឋមនេះ ក្នុងឱកាសឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងមួយនេះ ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥។ នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ ជាពិសេសផ្ដល់ទឹកស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ៕

You might also like