ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងជំនាញ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams
ស្វាយរៀង ៖ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង(ផ្ទះជួល និងផ្ទះសណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១១០នាក់ ស្រី ១៦នាក់ (ជនជាតិវៀតណាម ៩១នាក់ ស្រី ១៥នាក់,ជនជាតិចិន ១៤នាក់ ប្រុស និងជនជាតិខ្មែរ ០៥នាក់ ស្រី ០១នាក់) ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷ កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ,ថេបប្លេត និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទសុីល ទីតាំងបណ្ដោះអាសន្ន៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង






