ព្រះករុណា ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត
ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦–ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា “វិមានសាមគ្គីភាព” នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយ សំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃ ស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ។ នេះបើយោងតាមព្រះរាជសន្ទរកថារបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៨។
ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការលើកឡើងថា សំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវ បានកសាងឡើងក្រោមការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រសិទ្ធនាមថា «វិមានសាមគ្គីភាព» បង្ហាញឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ថា ការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺជាសសរទ្រូងដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងភាពរីក៏ចម្រើនដ៏យូរអង្វែងរបស់កម្ពុជា ។ ព្រះអង្គក៏បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាង វិមានសាមគ្គីភាពនៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។ វិមាននេះ ក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។
ព្រះករុណា ព្រះអង្គក៏បានគូសបញ្ជាក់ថា វិមានសាមគ្គីភាព ដ៏ល្អវិចិត្រ ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៦ ថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីព្រឹទ្ធសភា បានឱ្យដឹងថា «វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១៨ខែ មានផ្ទៃក្រឡាសរុបជាង ២២ ពាន់ម៉ែត្រការ៉េ ដោយមិនរាប់ផ្ទៃក្រឡាសួន និងក្រាលក្រានីត ៥ ពាន់ម៉ែត្រការ៉េទៀត។ អគារនេះមានបណ្តោយ ៧៩ម៉ែត្រ, ទទឹង ៤៧ ម៉ែត្រ កម្ពស់ ៣៥ម៉ែត្រ និងមាន ៤ជាន់កន្លះ ដែលដំបូលរាបស្មើរបស់អគារប្រើជា ព្រលានឧទ្ធម្ភាគចក្រ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា សំណង់អគារថ្មីនៃព្រឹទ្ធសភានេះ គឺត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ ប្រសិទ្ធភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹង ការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញ ដោយសម្តេចតេជោប្រធានព្រឹទ្ធសភា គឺ៖ «ការលើកកម្ពស់ការទូតសភា» និង « ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលតំណាងឱ្យប្រជា ពលរដ្ឋនៅមូលដ្ឋាន»។
គួរបញ្ជាក់ដែរថា យាង និងអញ្ជើញអមព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនេះដែរ មានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ៕






