សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា និងយាងថតរូបអនុស្សាវរីយ៍
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា និងស្ដេចយាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលៗរបស់ជាតិ ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។
សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
«វិមានសាមគ្គីភាព» គឺជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា ដែលបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ និងត្រូវបានសាងសង់ឡើងដោយផ្អែកលើរចនាបទខ្មែរទាំងស្រុង។ អគារនេះស្ថិតក្រោមការដឹកនាំកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ មុនពេលប្រារព្ធព្រះរាជពិធីសម្ពោធជាផ្លូវការនៅពេលនេះ គឺកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារ «វិមានសាមគ្គីភាព» នេះ ហើយសម្រាប់ថ្ងៃនេះគឺជាពិធីសម្ពោធជាផ្លូវការតែម្ដង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីសម្ពោធនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ត្រូវបានចាត់ទុកជាព្រះរាជពិធីដ៏មានសារៈសំខាន់មួយ ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មហោឡារិក មានកិត្តិយស និងកិត្យានុភាពជាតិ។ អគារព្រឹទ្ធសភាថ្មីនេះ មានឈ្មោះថា «វិមានសាមគ្គីភាព» ដែលត្រូវបានផ្តួចផ្តើមកសាងឡើង និងទទួលការប្រសិទ្ធនាមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា
ចក្រកម្ពុជា នានីតិកាលទី៥ ក្រោមមូលហេតុថា ៖
ព្រឹទ្ធសភាជាកន្លែងប្រមូលផ្តុំនៃតំណាងប្រជាជន ដែលមានគណៈបក្សនយោបាយចូលរួម
បោះឆ្នោតឃុំ-សង្កាត់ មកនៅព្រឹទ្ធសភា។ អគារនេះ កសាងឡើងក្រោមថវិកាចូលរួមពីបណ្ដាសប្បុរសជន ដែលជាភស្តុតាងនៃស្មារតីសាមគ្គីភាពជាតិ ដូច្នេះហើយទើបដាក់ឈ្មោះថាវិមានសាមគ្គីភាព។ បច្ចុប្បន្ននេះ យើងមានវិមានមិត្តភាព អគារវិមានសន្តិភាព ដែលជាស្នាដៃរបស់សម្ដេចតេជោ បានសាងសង់នៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅព្រឹទ្ធសភា ពេលនេះ យើងមានវិមានសាមគ្គីភាពមួយទៀត ដែលបង្កើតបានជាមុំចង្ក្រានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង តទៅមុខទៀត។
វិមានសាមគ្គីភាព បានរៀបចំតាក់តែងលម្អដោយក្បាច់ចម្លាក់ខ្មែរសមស័ក្តិ ដើម្បីបម្រើជាមណ្ឌល និងវិមានប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ការទទួលសារ
តាំងប្រធានស្ថានតំណាងបរទេសប្រចាំកម្ពុជា និងការបំពេញតួនាទីផ្សេងៗទៀត មានតួយ៉ាង ៖ ការទទួលបដិសណ្ឋារកិច្ច និងលៀងសាយភោជន៍ ជូនឥស្សរជនជាន់ខ្ពស់បរទេស និងការរៀបចំកម្មវិធីនានារបស់ព្រឹទ្ធសភាជាដើម៕






