ឯកឧត្តម ប្រាក់ សុខុន៖ សំណង់អគារថ្មីព្រឹទ្ធសភាថ្មីឆ្លើយតបទៅនឹងការពង្រឹងតួនាទី កំណើនការងារ លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា

ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំ ការសាងសង់អគារថ្មីព្រឹទ្ធសភា ថ្លែងក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះថា ការស្ថាបនាសំណង់អគារថ្មីព្រឹទ្ធសភាថ្មីនេះ គឺបានឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារជាក់ស្ដែងរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ការប្រសិទ្ធនាមអគារថ្មីព្រឹទ្ធសភានេះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជា «វិមានសាមគ្គីភាព» ពិតជាមានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព និងវិមានមិត្តភាព» វិមាននេះ នឹងរួមផ្សំជានិមិត្តរូប នៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា «វិមានសាមគ្គីភាព” ក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយ, សាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន និងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធ ដែលទាំងអ្នកគូសប្លង់ អ្នកសាងសង់ និងអ្នកជួយឧបត្ថម្ភថវិកា គឺជាខ្មែរទាំងអស់។
ឯកឧត្តមបានថ្លែងថា សំណង់អគារថ្មីនៃព្រឹទ្ធសភានេះ គឺត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ ប្រសិទ្ធភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹង ការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញ ដោយសម្តេចតេជោប្រធានព្រឹទ្ធសភា គឺ៖ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន»។
ឯកឧត្តម ប្រាក់ សុខុន លើកឡើងថា ក្នុងពេលដែល «វិមានសាមគ្គីភាព» នឹងបំពេញតួនាទីជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាទីកន្លែងទទួលភ្ញៀវ ឥស្សរជនជាន់ខ្ពស់ ជាតិនិងបរទេសនានានោះ អគារកេរដំណែល «វិមានរដ្ឋចំការមន ឬហៅថា អគារក្រហម» ដែលជាកេរមរតក និងស្នាព្រះហស្ត ដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នឹងបន្តរក្សាតួនាទីដ៏សំខាន់ខ្ពង់ខ្ពស់ជាមជ្ឈមណ្ឌល សម្រាប់ «សម័យប្រជុំពេញអង្គព្រឹទ្ធសភា» ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងឈរលើ មូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីភាពជាតិ។
ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បញ្ជាក់ថា ការប្រសិទ្ធនាមអគារថ្មីនេះ ដោយ សម្តេចតេជោប្រធានព្រឹទ្ធសភាជា «វិមានសាមគ្គីភាព» ពិតជាមានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព និងវិមានមិត្តភាព» វិមាននេះ នឹងរួមផ្សំជានិមិត្តរូប នៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ «វិមានសាមគ្គីភាព” ក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយ, សាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន និងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធ ដែលទាំងអ្នកគូសប្លង់ អ្នកសាងសង់ និងអ្នកជួយឧបត្ថម្ភថវិកា គឺជាខ្មែរទាំងអស់។
តាងនាម សម្តេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ សុខុន ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរស ជនទាំងអស់ ដែលបានចូលរួមវិភាគទានក្នុងការស្ថាបនា «វិមានសាមគ្គីភាព” នេះសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ នាពេលបច្ចុប្បន្ន និងសម្រាប់អ្នក ជំនាន់ក្រោយៗទៀត។
សូមជម្រាបថា “វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១៨ខែ មានផ្ទៃក្រឡាសរុបជាង ២២ ពាន់ម៉ែត្រការ៉េ ដោយមិនរាប់ផ្ទៃក្រឡាសួន និងក្រាល ក្រានីត ៥ ពាន់ម៉ែត្រការ៉េទៀត។ អគារនេះមានបណ្តោយ ៧៩ម៉ែត្រ, ទទឹង ៤៧ ម៉ែត្រ, កម្ពស់ ៣៥ម៉ែត្រ និងមាន ៤ជាន់កន្លះ ដែលដំបូលរាបស្មើរបស់អគារប្រើជា ព្រលានឧទ្ធម្ភាគចក្រ។
រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្ម សហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្ម នៃរចនាបទខ្មែរ និង Colonial ជាមួយនឹងការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ តួយ៉ាង បាំងខ្លែងនៅ ដំបូល ទែរ៉ាស់ផ្នែកខាងមុខដែលត្រូវបានស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរ។ ផ្ទៃខាងក្រៅអគារ មានការរចនាល្បាក់ក្បាល និងជើងសសរ សសរផ្អោប រំលេច ក្បាច់ផ្កាចន្ទន៍ នៅតាមបង្អួច និងបង្កាន់ដៃ ដើម្បីបង្ហាញ និងលើកកម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិប្បញ្ញត្តិកំពូល។ នៅសងខាងច្រកចូលអគារ មានរូបចម្លាក់តោពីថ្មភក់ ដែលមានកម្ពស់ ៣,៦ម៉ែត្រ ចម្លងតាមរចនាបទអង្គរ ដើរតួជាឆ្មាំយាមមុខអគារ រីឯផ្លូវឡើងក៏អម ទៅដោយបង្គោលសីមាតាមលំនាំច្រកចូលប្រាសាទបុរាណ ដែលមានមុខងារជា បង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡាន និងលម្អដល់អគារផង។

ផ្នែកខាងក្នុង៖ នៅជាន់ផ្ទាល់ដី៖ មានបន្ទប់បណ្ណាល័យធំទូលាយ បន្ទប់ធ្វើការសម្រាប់ មន្ត្រីនាយកដ្ឋានបណ្ណាល័យ និងនាយកដ្ឋានបណ្ណាសារ ព្រមទាំងបន្ទប់ សម្រាប់កងកម្លាំងរក្សាសន្តិសុខអគារ ឃ្លាំង និងបន្ទប់បច្ចេកទេស។
នៅជាន់ទី១៖ មានសាលធំៗ និងសំខាន់ៗចំនួន២ គឺ «សាលពលាធិបតី» ដែលមានភាពធំទូលាយ សម្រាប់ការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ អន្តរជាតិ, និង «សាលអាហារភិរម្យ» សម្រាប់ពិធីលៀងសាយភោជន៍ និង កិច្ចប្រជុំធំៗ។ សាលទាំងពីរនេះ ព្រមជាមួយនឹង សាលទេសមន្ត» ជា បន្ទប់សន្និសីទសារព័ត៌មាន, និង «សាលសុខាល័យ» ជាបន្ទប់រង់ចាំ សុទ្ធតែបំពាក់លម្អគ្រឿងឈើ និងស្ថាបត្យកម្មតាមរចនាបទខ្មែរ ដោយ មានប្រើ «ក្បាច់ភ្ញីទេស និងភ្ញីអង្គរ» ក្នុងទម្រង់កន្ទុយហង្ស ផ្កាចន្ទន៍ ទេព ប្រណម្យ និងសន្ធិយា។
ជាន់ទី២ មាន «សាលតេជោធិបតី» ជាការិយាល័យផ្ទាល់សម្តេចប្រធាន ព្រឹទ្ធសភា, «សាលពុទ្ធិជ័យ» ជាបន្ទប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាផង និងជាសាលជំនួបនិងចរចាទ្វេភាគីជាមួយគណៈ ប្រតិភូបរទេសផង។ រីឯ «សាលភគ្គវន្ត» ដែលមានន័យថា ជាទីដែលមាន យស និងជោគដ៏ខ្ពង់ខ្ពស់ ត្រូវបានរៀបចំឡើងសម្រាប់ប្រមុខរដ្ឋស្តីទី ទទួលសារតាំងនៃតំណាងបណ្តាប្រទេសជាមិត្ត និងទទួលភ្ញៀវជាន់ខ្ពស់ បរទេស។ ក្រៅពីនេះ មានបន្ទប់ជំនួបទ្វេភាគី, បន្ទប់ជប់លៀង, បន្ទប់រង់ចាំ ព្រមទាំងមានបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។ បន្ទប់ទាំងអស់សុទ្ធតែត្រូវ បានរចនាឡើងដោយប្រើប្រាស់គ្រឿងឈើ និងលម្អតាមស្ថាបត្យកម្មខ្មែរដ៏ សម្បូរបែប រួមមានទាំងការតុបតែងដោយចម្លាក់ថ្មភក់ ចម្លាក់ឈើ ស្បែក និងសិល្បៈជាងទង ជាដើម។
នៅជាន់ទី៣៖ ជាការិយាល័យរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា (គឺអនុប្រធានទី១ និងទី២) ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋាន បន្ទប់ធ្វើការ បន្ទប់ប្រជុំ និងបន្ទប់ទទួលភ្ញៀវផងដែរ។
ការប្រសិទ្ធនាមសាលនិងបន្ទប់សំខាន់ៗ នៃ “វិមានសាមគ្គីភាព” ខាងលើជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់ទៅនឹងមុខងាររបស់សាលនិងបន្ទប់ នីមួយៗ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃអរិយធម៌ខ្មែរដ៏រុងរឿង និងប្រវត្តិសាស្ត្រដ៏យូរលង់៕

You might also like