ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស
ត្រីចម្រុះទម្ងន់ប្រមាណជា ១០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិ និងឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ ត្រូវបានរុះរើ និងបំផ្លាញចោលក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រនៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមការឲ្យដឹងពី លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនាថ្ងៃទី២១ ខែសីហា ដោយកម្លាំងនៃខណ្ឌរដ្ឋបាលជលផលក្រចេះ រួមទាំងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយកម្លាំងនគបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងគណៈកម្មការស្រុក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា នារដូវបិតនេសាទ។
លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ថា រដូវនេះ គឺជារដូវបិទនេសាទ ដែលមានរយៈពេល ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីថែរក្សាការពារធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ដូច្នេះឧបករណ៍ដែលអនុញ្ញាត្តិឲ្យនេសាទ គឺមានឧបករណ៍នេសាទលក្ខៈគ្រួសារ និងឧបករណ៍នេសាទសិប្បកម្ម ដូចជា ឆ្នុក មង ប្រវែងក្រោម ១០០ម៉ែត្រ និងឧបករណ៍រ៉ាវ ជាដើម។ ប៉ុន្តែឧបករណ៍ឧស្សាហកម្ម ដូចជា របាំងលប់នរ៉ាវលើសពី ១០០ម៉ែត្រ និងឧបករណ៍ដាក់ដៃធំៗ តាមព្រែកក៏ត្រូវបានហាមឃាត់ដែរ ជាពិសេសទៀត ឧបករណ៍នេសាទខុសច្បាប់ដែលត្រូវតែហាមឃាត់ទាំងរដូវបិទ និងរដូវបើកនោះ គឺឧបករណ៍ឆក់ត្រី ឧបករណ៍ស្បៃម៉ុង។
សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមទំនាបលិចទឹក ដូចជា បឹងក្បាលខ្មោច និងបឹងវែង ក្នុងឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ហើយជាលទ្ធផល សមត្ថកិច្ចបានសាររុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែង ១ ៦៥០ម៉ែត្រ, លូស្បៃមុងចំនួន ១៧មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន ២៥៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណជា ១០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិ៕






