ស្ត្រីម្នាក់ ឈឺពោះសម្រាលកូនលើរថយន្តសង្គ្រោះ ត្រូវបានក្រុមគ្រពេទ្យមណ្ឌលសុខភាពរវៀង ខេត្តព្រះវិហារ ជួយបានទាន់ពេលវេលា មានសុវត្ថិភាពទាំងម្តាយ និងទារក

(ព្រះវិហារ)៖ មន្ត្រីសុខាភិបាល និងឆ្មប មណ្ឌុលសុខភាពរវៀង នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង ២៖១៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានធ្វើការសង្គ្រោះបន្ទាន់ដោយបើករថយន្តសង្រ្គោះទៅទទួលយកស្ត្រីមានផ្ទៃពោះម្នាក់ ដែលមានអាការៈឈឺពោះសម្រាលកូន ប៉ុន្តែក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវស្ត្រីរូបនោះមានអាការៈឈឺពោះសម្រាលកូនកាន់តែខ្លាំង ក៏បានសម្រាលលើរថយន្តសង្រ្គោះតែម្តង ក្រោមការការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យម្តាយនិងទារក មានសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងការបំពេញតួនាទីរបស់មន្ត្រីសុខាភិបាល និងឆ្មបនៅតាមមូលដ្ឋាន ជាពិសេសក្រុមការងារមណ្ឌលសុខភាពរវៀង ដែលបានឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពសម្រាលកូនបន្ទាន់ និងអាចជួយសង្គ្រោះមាតា និងទារកបានដោយសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា សកម្មភាពសង្គ្រោះបន្ទាន់នេះ បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួន និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន ជាពិសេសការឆ្លើយតបបានរហ័សនៅពេលប្រឈមនឹងស្ថានភាពសម្រាលកូនបន្ទាន់ ដែលអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកថា ការងារសុខាភិបាលនៅមូលដ្ឋាន មិនត្រឹមតែជាការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រប់ស្ថានភាពបន្ទាន់ ជាពិសេសការសង្គ្រោះស្ត្រីមានផ្ទៃពោះ និងទារក ដែលទាមទារឱ្យមន្ត្រីសុខាភិបាលមានជំនាញ ចំណេះដឹង បទពិសោធន៍ និងការឆ្លើយតបឱ្យបានរហ័ស។
លោកប្រធានមន្ទីរក៏បានថ្លែងណែនាំដល់មន្ត្រីសុខាភិបាល និងឆ្មបនៅតាមមណ្ឌលសុខភាពទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រៀមលក្ខណៈជានិច្ចសម្រាប់សេវាសង្គ្រោះបន្ទាន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែ និងមានសញ្ញាឈឺពោះសម្រាល ដោយត្រូវផ្តល់ការណែនាំ និងជួយសម្របសម្រួលឱ្យពួកគេទទួលបានសេវាសម្រាលនៅមូលដ្ឋានសុខាភិបាលដែលមានបុគ្គលិកជំនាញ និងឧបករណ៍សមស្រប។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសារ ឱ្យចូលរួមយកចិត្តទុកដាក់លើការថែទាំសុខភាពមាតា និងទារក ដោយត្រូវទៅពិនិត្យផ្ទៃពោះតាមកាលកំណត់ មិនត្រូវខកខានការណាត់ជួបជាមួយបុគ្គលិកសុខាភិបាល និងត្រូវរៀបចំផែនការសម្រាលកូនជាមុន ជាពិសេសនៅពេលផ្ទៃពោះជិតគ្រប់ខែ។
លោកបានថ្លែងបញ្ជាក់ថា នៅពេលស្ត្រីមានផ្ទៃពោះចាប់ផ្តើមមានសញ្ញាឈឺពោះជាបន្តបន្ទាប់ ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងអាចទាក់ទងសេវារថយន្តសង្គ្រោះបន្ទាន់ ដើម្បីកុំឱ្យការពន្យារពេលបង្កហានិភ័យដល់អាយុជីវិតមាតា និងទារក។លោកបានថ្លែងសង្កត់ធ្ងន់ថា ការសម្រាលកូនដោយសុវត្ថិភាព គឺត្រូវការការចូលរួមពីស្ត្រីមានផ្ទៃពោះ ក្រុមគ្រួសារ និងបុគ្គលិកសុខាភិបាល ដូច្នេះការរៀបចំទុកជាមុន និងការទៅទទួលសេវាសុខាភិបាលឱ្យបានទាន់ពេល គឺជាកត្តាសំខាន់ក្នុងការការពារជីវិតមាតា និងទារក។
លោកក៏បានកោតសរសើរចំពោះមន្ត្រីសុខាភិបាល និងឆ្មបគ្រប់រូបនៅតាមមូលដ្ឋាន ដែលបានខិតខំបំពេញភារកិច្ចដោយមិនគិតពីពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ លោកចាត់ទុកថា ការយកចិត្តទុកដាក់ និងការឆ្លើយតបរហ័សរបស់មន្ត្រីសុខាភិបាលនៅមូលដ្ឋាន គឺជាផ្នែកដ៏សំខាន់មួយក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល និងការកាត់បន្ថយហានិភ័យមរណភាពមាតា និងទារកនៅក្នុងសហគមន៍៕

You might also like