អគ្គមេបញ្ជាការ ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ គឺដោយសារតែភាគីថៃមិនគោរពច្បាប់ អនុស្សារណៈឆ្នាំ២០០០ ដែលបានចុះហត្ថលេខាជាមួយគ្នារវាងព្រំដែនកម្ពុជា ថៃ ដោយផ្អែកទៅលើអនុស្សារណៈឆ្នាំ១៩០៤ រវាងបារាំង សៀម និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាមួយបារាំង សៀម។ ហើយបើយកមកអនុវត្តគឺមិនមានការប៉ះទង្គិកគ្នាទេ ប៉ុន្តែភាគីថៃមិនយកមកអនុវត្ត និងបែរជាទៅធ្វើអ្វីដែលខុសច្បាប់ ហើយបានគូសផែនទីជាឯកតោភាគី ដែលជាផែនទីចោរ និងបង្កើតការប្រើប្រាស់កម្លាំងដើម្បីឈ្លានពាននៅក្នុងបូរណភាពនិងទឹកដីរបស់កម្ពុជា។
ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។
អគ្គមេបញ្ជាការបានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ខ្ញុំជឿជាក់ទាំងប្រទេសធំ ទាំងលើសកលលោក ក៏ដូចជាតំបន់ក៏មើលឃើញដែរអំពីមុនពេលនៅពេលផ្ទុះអាវុធ ពេលផ្ទុះអាវុធ និងក្រោយពេលផ្ទុះអាវុធ មិនមែនមិនដឹងទេ ដឹង យើងដឹងថា អ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវ។ ប៉ុន្តែសំខាន់បំផុត គឺនៅតែទាមទារឲ្យយើងប្រកាន់ភ្ជាប់និងភាពអត់ធ្មត់ ហើយនឹងការដោះស្រាយដោយសន្តិវិធី។ កិច្ចការងារនេះ យើងឃើញថា ការរំលោភនៃការឈ្លានពានរបស់ភាគីថៃមកលើទឹកដីរបស់កម្ពុជា គឺសាហាវព្រៃផ្សៃហើយនិងគ្មានមនុស្សធម៌ ដោយប្រើប្រាស់សម្ភារបច្ចេកទេស និងការរំលោភទៅលើសិទ្ធិមនុស្ស មកលើទឹកដីកម្ពុជា។ ដោយសារតែការមិនគោរពច្បាប់នេះហើយ មិនអនុវត្ត មិនអនុវត្តនៅលើបញ្ហាច្បាប់នេះ បង្កឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនបាត់បង់ជីវិត ក៏ត្រូវមានការបាត់បង់ជីវិត របួស ក្លាយទៅជាជនភៀសសឹករាប់សែននាក់ដែលត្រូវជម្លៀសចេញ សាលារៀនត្រូវបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធត្រូវខ្ទេចខ្ទាំ”។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏សូមអរគុណចំពោះអង្គភាព ចំពោះកងកម្លាំងប្រាដប់អាវុធ គឺបានពលីជីវិតដើម្បីជាតិ និងមាតុភូមិ និងការពារយ៉ាងអង់អាចក្លាហានប្តូរផ្តាច់បំផុត និងមានការចូលរួមយ៉ាងសកម្មពីសមរភូមិក្រោយបន្តឲ្យយើងការពារបូរណភាពទឹកដីរបស់ខ្លួនបានរហូរតមកដល់ពេលនេះ។ ហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ ទាំងពលីជីវិត ពលីកម្មទាំងការលំបាកហត់នឿយយ៉ាងណាក៏ដោយដើម្បីជាតិនិងមាតុភូមិរបស់ខ្លួន។ ហើយកងកម្ឡាំងប្រដាប់អាវុធរបស់យើងមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី ណោះគឺជាឆន្ទៈមោះមុតរបស់កងកម្លាំងប្រាដប់អាវុធរបស់យើង។ ហើយសំខាន់ជាងនេះទៀត គឺការគាំទ្រពីមហាជន និងប្រជាជនដែលនៅខាក្រោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រទៅដល់សមរភូមិមុខ គាំទ្រទៅដល់កងកម្លាំងប្រដាប់អាវុធដើម្បីជាកិច្ចការងារការពារជាតិនិងមាតុភូមិរបស់ខ្លួនឯង។
អគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គឺបានចេញនៅគោលការណ៍អំពីការដោះស្រាយអនុវត្តដោយសន្តិវិធី។ យើងមិនចង់មានការបង្ហូរឈាមនៅតាមបន្ទាត់ព្រំដែនទេ សំខាន់បំផុតគឺការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ មិនចង់ឲ្យមានការប្រើប្រាស់កម្លាំង។ រាជរដ្ឋាភិបាលបានដាក់ចេញទៅលើការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិយកមកដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការគោរពច្បាប់អន្តរជាតិបានធ្វើឲ្យកម្ពុជាមានប្រៀប និងបានធ្វើឲ្យអន្តរជាតិបានដឹងពិតប្រាកដថា ថៃឈ្លានពានមកលើកម្ពុជាពិតប្រាកដ។ ហើយកម្ពុជាបានរុញបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ដើម្បីទាមទារឲ្យថៃចូលរួមនៅក្នុងការអនុវត្តនៅលើច្បាប់អន្តរជាតិដែលបានកំណត់៕






