ចិន ផ្តល់វគ្គបណ្តុះបណ្តាលជំនាញប្រើដ្រូនដល់កម្ពុជាសម្រាប់កិច្ចប្រតិបត្តិការបោសម្អាតមីន និងយុទ្ធភណ្ឌ សង្រ្គាម
ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញប្រើដ្រូន ដល់កម្ពុជា ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម ខណៈការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ ពិតជាអាចជួយដល់ការពន្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំងមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកCMAC បានលើក ឡើងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការដ្ឋានអង្គភាពCMAC ភ្នំពេញ ឯកឧត្តម និងលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hopong បានរួមគ្នាធ្វើជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់ដ្រូន(Drone)សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថាការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ ពិតជាអាចជួយដល់ការពន្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំង មានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។
តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopongដែលបានផ្តល់ការគាំទ្រ ក៏ដូចប្រជាជនចិនដែលជួយគាំទ្រដល់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងសមត្ថភាពម្ចាស់ការលើខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ ជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាពCMACនេះផងដែរ៕






