ផ្លូវលេខ៣៧៧៖ ផ្លូវជីវភាព ផ្លូវទេសចរណ៍ នាំក្តីអំណរដល់អ្នកក្រចេះ
(ក្រចេះ)៖ ផ្លូវលេខ៣៧៧ ជាផ្លូវផ្សាភ្ជាប់យ៉ាងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់តាមដងទន្លេមេគង្គ។ ផ្លូវដែលសណ្តូកតាមដងទន្លេមេគង្គមួយខ្សែនេះ តភ្ជាប់ទីរួមខេត្តក្រចេះ ឆ្ពោះទៅដល់ទីរួមស្រុកសំបូរ បម្រើដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងសម្រាប់វិស័យទេសចរ។
ផ្លូវមួយខ្សែនេះ បានកើតមានយូរណាស់មកហើយ តែស្ថានភាពមិនល្អប្រសើរនោះទេ។ ផ្លូវមានស្ថានភាពតូចចង្អៀត និងខូចខាតច្រើន ដែលបង្កការលំបាកជាច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃ ការប្រាស្រ័យទាក់ និងប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ។ គេត្រូវចំណាយពេលវេលាយូរសម្រាប់ការធ្វើដំណើរទៅមករវាងខេត្តក្រចេះ ទៅកាន់ស្រុកសំបូរ។ មិនត្រឹមចំណាយពេលវេលាយូរនោះទេ ការចំណាយលើមធ្យោបាយធ្វើដំណើរក៏ខ្ពស់នាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃ។
ក្តីលំបាកយូរឆ្នាំរបស់ប្រជាពលរដ្ឋរស់តាមដងទន្លេនាភូមិសាស្ត្រផ្នែកខាងលើនៃខេត្តក្រចេះ ត្រូវបានបិទបញ្ចប់បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចសាងសង់ផ្លូវលេខ៣៧៧ កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៥។ ផ្លូវលេខ៣៧៧ ប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីសង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវស្ថាបនាឡើងដោយក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៥សង់ទីម៉ែត្រ។ ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងដោយប្រើថវិការបស់ធនាគារពិភពលោក។
ផ្លូវ ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារបច្ចេកទេស កៅស៊ូខ្មៅរលើបរលោងត្រូវបានផុសឡើង ជាមួយគំនូសបែកចែកផ្លូវជាពីរគន្លងច្បាស់។ ផ្លូវនេះ មិនត្រឹមតែសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ តែស្ថានភាពផ្លូវស្រស់ស្អាតរំលេចជាមួយផ្ទះសម្បែង វាលស្រែស្រូវ រុក្ខជាតិតូចធំអមសងខាងផ្លូវ រួមជាមួយទឹកទន្លេមេគង្គសណ្តូកដ៏ល្វឹងល្វើយ បានបង្កើតជាសោភ័ណភាព ជាចំណីអារម្មណ៍ និងចំណីនេត្រាសម្រាប់អ្នកដំណើរ ជាពិសេសក្នុងរដូវវស្សា។
ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងស្រុកសំបូរ និងស្រុកចិត្របុរី តាមតំបន់បូជនីយដ្ឋាន និងរមណីយដ្ឋាននានា បានសាទរក្រៃលែងចំពោះសមិទ្ធផលផ្លូវលេខ៣៧៧។ ផ្លូវនេះ មិនត្រឹមតែជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ប៉ុន្តែបានជួយអន្ទងដួងចិត្តអ្នកទេសចរឆ្ងាយជិតឱ្យទៅកម្សាន្ត ទស្សនាលំហែនៅតំបន់បូជនីយដ្ឋានវិហារធំសសរ១០០ ព្រែកកាំពី និងអន្លង់ផ្សោតជាដើម។
ក្រចេះ ខេត្តភាគឦសាននៃប្រទេសកម្ពុជា ជាខេត្តមួយឆ្ងាយពីរាជធានីភ្នំពេញ ហើយដើមឡើយមិនមានផ្លូវតភ្ជាប់ទៅរាជធានីភ្នំពេញនោះឡើយ។ បើគេចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ គឺមានតែជិះកាណូតប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយតភ្ជាប់ខេត្តភាគឦសាន្ត ហើយបានសាងសង់ផ្លូវជាច្រើនខ្សែមកកាន់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្នុងខេត្តជាច្រើនខ្សែទៀត។ ទន្ទឹមនឹងផ្លូវលេខ៣៧៧ រាជរដ្ឋាភិបាលក៏បានសង់ផ្លូវលេខ៣៧៧អេ តភ្ជាប់ពីរង្វង់មូលឃុំសណ្តាន់ ទៅភ្ជាប់ផ្លូវជាតិលេខ៧ និងបានសាងសង់ស្ពានឆ្លងទន្លេមេគង្គថែមទៀត។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្តែងឱ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។
ផ្លូវប្រៀបដូចជាសរសៃឈាមដែលដើរតួនាទីសំខាន់ក្នុងការចិញ្ចឹមសរីរាង្គរបស់មនុស្ស។ ផ្លូវ និងស្ពានដែលរាជរដ្ឋាភិបាលសាងសង់ជូនពលរដ្ឋខេត្តក្រចេះ គឺជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់ពលរដ្ឋអ្នកខេត្តក្រចេះ។ អ្នកខេត្តក្រចេះ សម្តែងនូវក្តីរីករាយ អរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល៕






















































