បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

នៅវេលាម៉ោង ១១:០០នាទី កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៣នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារទុកចោលខាងក្រោយចំណោតលោកយាយម៉ៅ ឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុបចំនួន ៣៩នាក់ (ស្រី ០៥នាក់) ជនជាតិខ្មែរ។
ចាប់ដកហូតវត្ថុតាងរួមមាន៖
* ក្រាមសថ្លា ចំនួន ៦៨កញ្ចប់ (ទម្ងន់ ៣៧៩.៨ក្រាម ទាំងសម្បក)
* ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៧គ្រាប់ (ទម្ងន់ ១.២ក្រាម ទាំងសម្បក)
* បារីអេឡិចត្រូនិច ចំនួន ០១ដើម
* ដែកកេះ ចំនួន ១០
* ខ្សៀ ចំនួន ៣៤
* ដបជក់ ចំនួន ០៨
* ជញ្ជីង ចំនួន ០១
* ម៉ូតូ ចំនួន ០៧គ្រឿង
* ទូរសព្ទ ចំនួន ២៥គ្រឿង
* ថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់៕

You might also like