បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
តាមរយៈសំណេរ បង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៦ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។
សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។
ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។
នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ?
បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង និងសម្ភារៈយោធាថៃនៅតែស្ថិតនៅលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្ពុជាមានមូលដ្ឋានផែនទី និងឯកសារច្បាប់គាំទ្រ? ហេតុអ្វីមានការដាក់ទូកុងតឺន័រ រាយលួសបន្លា បង្កើតរបាំង ជីកប្រឡាយ សាងសង់ផ្លូវ និងធ្វើសកម្មភាពដែលបង្កើតស្ថានភាពថ្មីនៅលើដី (fait accompli)? ហើយហេតុអ្វីប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន?
ថៃអាចបដិសេធនៅមុខមីក្រូហ្វូនបាន ប៉ុន្តែមិនអាចបដិសេធអ្វីដែលអាចមើលឃើញ រាប់បាន ថតបាន កំណត់ទីតាំងបាន និងផ្ទៀងផ្ទាត់បាននោះទេ។ ការឃោសនាអាចបង្កើតនិទានកថា ប៉ុន្តែមិនអាចលុបភស្តុតាង និងអង្គហេតុនៅលើដីបានឡើយ។
JIC ខ្លួនឯងអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ កម្ពុជាយល់ស្រប។ ប៉ុន្តែបើពិតជាចង់ឱ្យយន្តការព្រំដែនដោះស្រាយបញ្ហា នោះត្រូវទុកឱ្យយន្តការព្រំដែនធ្វើការងាររបស់ខ្លួន។ ភាគីថៃក៏គួរឆ្លើយតបជាក់ស្តែងចំពោះសំណើរបស់ JBC កម្ពុជា ដើម្បីឱ្យក្រុមបច្ចេកទេសនៃប្រទេសទាំងពីរអាចបន្តការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនតាមក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលមានស្រាប់។
កងទ័ពមិនមែនជា JBC ទេ។ កាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែនទេ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ។ ហើយការកាន់កាប់ដោយកម្លាំង មិនមែនជាភស្តុតាងនៃអធិបតេយ្យភាពទេ។
ការនិយាយថា «ត្រូវដោះស្រាយតាម JBC» នៅមុខសាធារណជន ខណៈនៅលើដីបន្តបង្កើតស្ថានភាពជាក់ស្តែងថ្មី គឺជាភាពផ្ទុយគ្នាដែលថៃត្រូវពន្យល់ដល់សាធារណមតិជាតិ និងអន្តរជាតិ។ មិនអាចអំពាវនាវរកច្បាប់នៅមុខមីក្រូហ្វូន ខណៈប្រើកម្លាំងបង្កើត fait accompli នៅលើដីបានឡើយ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាព ឬជាការទទួលស្គាល់ខ្សែព្រំដែនថ្មីណាមួយឡើយ។ បទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សា រក្សាសន្តិភាព និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព។
បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនគូសផែនទីថ្មី។ បទឈប់បាញ់បង្កកស្ថានភាពយោធា ប៉ុន្តែមិនផ្ទេរអធិបតេយ្យភាព។ ហើយការឈរជើងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីបានឡើយ។
នេះជាចំណុចដែលថៃមិនអាចគេចវេះបាន៖ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំង និងអធិបតេយ្យភាពស្របច្បាប់ គឺជារឿងពីរខុសគ្នា។ ការដាក់កម្លាំង ការដាក់ទង់ជាតិ ការរាយលួសបន្លា ការដាក់ទូកុងតឺន័រ ការជីកប្រឡាយ ឬការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានទេ។
ដូច្នេះ បើថៃពិតជាប្រកាន់ជំហរថា ខ្លួន «មិនឈ្លានពាន មិនកាន់កាប់ និងមិនចង់បានទឹកដីកម្ពុជា» នោះមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយទេ៖
សូមដកកម្លាំង និងសម្ភារៈយោធាដែលស្ថិតនៅលើទឹកដីកម្ពុជា។ សូមដកទូកុងតឺន័រ លួសបន្លា និងរបាំងដែលរារាំងប្រជាពលរដ្ឋ។ សូមបញ្ឈប់រាល់សកម្មភាពបង្កើត fait accompli។ សូមអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព។ ហើយសូមទុកការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនឱ្យ JBC ដោះស្រាយតាមច្បាប់ ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់។
បើថៃមិនចង់បានទឹកដីកម្ពុជា សូមប្រគល់អ្វីដែលជារបស់កម្ពុជាឱ្យកម្ពុជាវិញ។
នេះមិនមែនជាការប្រកួតប្រជែងសេចក្តីថ្លែងការណ៍ទេ។ វាជាបញ្ហានៃ អង្គហេតុ ច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដី។
បើថៃថាខ្លួនមិនបានឈ្លានពានកម្ពុជា សូមបង្ហាញដោយសកម្មភាព មិនមែនដោយពាក្យសម្តី៖ ដកកម្លាំង បញ្ឈប់ fait accompli អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះ និងប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ។
ព្រោះកម្លាំងអាចបង្កើតការកាន់កាប់ជាក់ស្តែងបានមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ»។






