ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម ពីលោកស្រី ម៉ាហា ដាម៉ាច (Maha Damaj)
នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមពី លោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) តំណាងថ្មីនៃមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់សារតាំងរបស់លោកស្រី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី Maha Damaj ក្នុងឱកាសដែលលោកស្រីទទួលការតែងតាំងជាតំណាង UNICEF ថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកស្រី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និង UNICEF អស់រយៈពេលជាង ៧ ទសវត្សរ៍ ព្រមទាំងការរួមចំណែកជាបន្តបន្ទាប់របស់ UNICEF ក្នុងការលើកកម្ពស់សិទ្ធិ ការការពារ ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារកម្ពុជា។
ជំនួបនេះ ក៏បានពិភាក្សាអំពីការអនុវត្តកម្មវិធីប្រទេសរបស់ UNICEF ឆ្នាំ២០២៤–២០២៨ ដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ការអប់រំប្រកបដោយគុណភាព ការការពារកុមារ ទឹកស្អាត និងអនាម័យ (WASH) និងហិរញ្ញប្បទានសាធារណៈដែលគិតគូរពីកុមារ។ អាទិភាពទាំងនេះ មានភាពស្របគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ការពង្រីកលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន និងសេវាសុខាភិបាល ការពង្រឹងប្រព័ន្ធការពារកុមារ ព្រមទាំងការកៀរគរធនធានប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។






