មន្ដ្រីចំណុះក្រសួងមហាផ្ទៃ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ប្រសិនបើផឹកស៉ីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
លោកបណ្ឌិត ទូច សុឃៈ អះអាងថា ក្រៅពីការបង្កគ្រោះថ្នាក់ចរាចរណ៍ មន្ដ្រីទាំង៣ប្រភេទចំណុះក្រសួងមហាផ្ទៃ រួមមាន មន្ដ្រីនគរបាលជាតិ មន្ដ្រីរដ្ឋបាលស៉ីវិល និងមន្ដ្រីពន្ធនាគាររូបណា ដែលទទួលទានគ្រឿងស្រវឹងហើយទៅបង្កបញ្ហាដាក់អ្នកដទៃ ឬបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈ ក៏ប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា៕






