ក្រសួងកសិកម្ម មានសុទិដ្ឋនិយមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ
ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសុទិដ្ឋនិយមថា នឹងអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជាកាន់តែប្រសើរថែមទៀត។
នៅក្រោយចប់ជំនួបការងារ រវាង ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងលោក ជេណេស អ៊ីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វផ្សោតកម្ពុជានាពេលកន្លងមក និងលើកទឹកចិត្តឱ្យអង្គការបន្តការងារនេះថែមទៀតទៅអនាគត ព្រមទាំងរក្សាបាននូវតុល្យភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជា «រតនសម្បត្តិជាតិ»។
ប្រភពដដែល បានឱ្យដឹងទៀតថា ក្នុងអង្គប្រជុំនេះ ក៏បានពិភាក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ លើការជំរុញអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាននៅតាមតំបន់ការពារធនធានធម្មជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ និងកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិផងដែរ៕






