កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ក្រោមទស្សនវិស័យអនុវត្តជាក់ស្តែងរួមគ្នា និងផ្តល់លទ្ធផលជាផ្លែផ្ការួមគ្នា ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងបីក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ»
ក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមទីក្រុងហូជីមិញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាលើកដំបូងជាប្រវត្តិសាស្រ្ត ដោយមានការចូលរួមពីលោកជំទាវ Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកជំទាវ Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីដែលបានទទួលការគាំទ្រពីប្រមុខរដ្ឋាភិបាលនៃប្រទេសជាមិត្តទាំងពីរ ព្រមទាំងជាការអនុវត្តការឯកភាពដែលសម្រេចបានក្នុងជំនួបការងារត្រីភាគីលើកទី១ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលភាគីទាំងបីបានឯកភាពតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបីក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួមក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
តាមរយៈកិច្ចប្រជុំអន្តរជាតិប្រកបដោយផ្លែផ្កានេះ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕






