កុំឱ្យអារម្មណ៍ខឹងមួយពេល ឬការចង់បង្ហាញភាពក្លាហានមួយភ្លែត ធ្វើឱ្យយើងសោកស្តាយពេញមួយជីវិត!
កាលវេលាម៉ោង ២០:៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះអន្តរាគមន៍លើករណីក្មេងទំនើង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ចំពោះសកម្មភាពដែលបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ជាក់ស្តែង កម្លាំងបានចុះទៅដល់ចំណុចហាងមួយកន្លែង ស្ថិតក្នុងភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ និងបានឃាត់ក្មេងទំនើងចំនួន ០៥នាក់ ព្រមទាំងម៉ូតូ០២គ្រឿង ដែលត្រូវបានរាយការណ៍ថា បានធ្វើសកម្មភាពរករឿងបម្រុងប្រើហិង្សាលើម្ចាស់ហាង បង្កការភ្ញាក់ផ្អើល និងរំខានដល់អ្នកជុំវិញ។
ជាវិធានការជំនាញ ម៉ូតូ ០២គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ និងបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយឱ្យអាណាព្យាបាលមកធានា និងទទួលយកទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត។ អាជ្ញាធរបានអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងអំពើដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម។






