រដ្ឋមន្រ្ដីក្រសួងអប់រំ អរគុណដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការបោសសម្អាតមីន និងការអប់រំអំពីហានិភ័យដោយសារមីននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជា មួយលោកជំទាវ Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រីតថេន (ចក្រភពអង់គ្លេស) ក្នុងឱកាសដែលលោកជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងឱកាសជំនួបនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានស្វាគមន៍ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃព្រីតថេន និងគណៈប្រតិភូទាំងអស់ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសូមចូលរួមអបអរសាទរលោកជំទាវដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃព្រីតថេន ដែលបានបន្តគាំទ្រនិងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរការសិក្សា និងការសម្របសម្រួលការវិនិយោគរបស់ព្រីតថេន ជាច្រើនលើវិស័យអប់រំនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលព្រីតថេន ដែលកាលពីខែឧសភាកន្លងទៅនេះ បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការបោសសម្អាតមីន និងការអប់រំអំពីហានិភ័យដោយសារមីននៅកម្ពុជា គាំទ្រគោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលគ្មានផលប៉ះពាល់ពីមីននៅឆ្នាំ២០៣០។
ក្នុងឱកាសនេះដែរ លោកជំទាវ រដ្ឋមន្ត្រី Baroness Winterton បានបង្ហាញសេចក្តីរីករាយ និងមោទនភាពចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ព្រមទាំងបានថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ចំពោះកិច្ចសម្របសម្រួលយ៉ាងល្អដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងចក្រភពអង់គ្លេសដំណើរការទៅដោយរលូននិងជោគជ័យ។
ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាបន្ថែមទៀត លោកជំទាវ រដ្ឋមន្ត្រី បានបញ្ជាក់ពីចំណាប់អារម្មណ៍ស្វែងយល់ពីអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងជំនាញខ្ពស់ ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានយកឱកាសនេះដែរ ក៏បានអញ្ជើញខ្ញុំចូលរួមក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីវិជ្ជាជីវៈគ្រូបង្រៀន (International Summit on the Teaching Profession – ISTP) នាឆ្នាំ ២០២៧ ដែលព្រីតថេនធ្វើជាម្ចាស់ផ្ទះ ដោយរំពឹងថាកម្ពុជាអាចយកឱកាសនោះ ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវឧត្តមានុវត្តន៍កំណែទម្រង់ប្រព័ន្ធអប់រំរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការអញ្ជើញដោយផ្ទាល់ សម្រាប់កិច្ចប្រជុំកំពូល International Summit on the Teaching Profession – ISTP ឆ្នាំ២០២៧ និងបានរំលេចពីវឌ្ឍនភាពនៃកំណែទម្រង់ការអប់រំ និងអាទិភាពគន្លឹះមួយចំនួនរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៧ ដូចជា៖ ការបន្តកំណែទម្រង់គ្រឹះស្ថានសិក្សា, ការបណ្តុះបណ្តាលគ្រូ, ការលើកកម្ពស់គុណភាពរៀននិងបង្រៀន ការអប់រំឌីជីថល និង STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា), ការអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ និងការអប់រំបច្ចេកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត, បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ, កំណែទម្រង់សាលារៀន និងកម្មវិធីសិក្សាឆ្លើយតបនឹងតេស្តវាយតម្លៃសមត្ថភាពសិស្សកម្រិតអន្តរជាតិ SEA-PLM និង PISA, ការចូលរួមរបស់ស្ត្រីក្នុងវិស័យអប់រំ, និងទិសដៅសម្រាប់អនាគតដើម្បីលើកកម្ពស់គុណភាពអប់រំ សម្រាប់ការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។
ជំនួបនេះបានបញ្ចប់ទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដោយភាគីទាំងពីរ បានចែករំលែកពីបទពិសោធការងារ ទស្សនៈពាក់ព័ន្ធនឹងការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ និងបានបង្ហាញជំនឿជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រីតថេន នឹងបន្តរីកចម្រើនឡើងជាលំដាប់ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមនៃប្រទេសទាំងពីរ៕






