កម្ពុជា លាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា

កម្ពុជា បានបង្ហាញលាតត្រដាងការពិតអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយសារតែយោធាថៃបើកការឈ្លានពានចំនួនពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រៅពីបេសកកម្មចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមតំបន់ព្រំដែនដែលកងកម្លាំងថៃបានដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងពិនិត្យមើលស្ថានភាពជនភៀសសឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមថ្លែងថា បទបង្ហាញនេះបានផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអនុព័ន្ធយោធាបរទេសនូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។ បទបង្ហាញក៏បានលាតត្រដាងពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់ដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។
តាមរយៈបទបង្ហាញ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាប្រចាំកម្ពុជាក៏បានទទួលព័ត៌មានជាក់លាក់ថា មានភូមិចំនួន ៣៤៩ ដែលបានរងផលប៉ះពាល់ និងប្រជាពលរដ្ឋភៀសសឹកជាង ៦៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ និងព័ត៌មានលម្អិតជាច្រើនទៀតដែលកើតចេញពីការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស៊ីម៉ាក់។
ឯកឧត្តម ប៉ែន បូណាបញ្ជាក់ថា៖«ព័ត៌មានទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងយ៉ាងស៊ីជម្រៅពីការពិតនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជារបស់កងកម្លាំងប្រដាប់អាវុធថៃដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា»។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលសង្គត់ធ្ងន់ថា នេះគឺជាជ្រុងមួយទៀតនៃសកម្មភាពការងារការទូតដ៏សកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅក្នុងបរិបទនៃការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ នៅតាមបណ្តោយព្រំដែន។ សកម្មភាពការទូតទាំងអស់នេះបានសបញ្ជាក់យ៉ាងច្បាស់ពីជំហរដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជាដែលប្តូរផ្តាច់ការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលត្រូវបានទទួលស្គាល់រួចហើយ ដោយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដោយប្រើកម្លាំង។
សូមជម្រាបថា បើតាមអង្គភាពស៊ីម៉ាក់កម្ពុជា ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន ៦០ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
ក្នុងនោះ អង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩ តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។
សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូលនិងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦.០០០ សក្ខីកម្ម៕

You might also like