ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

( ក្វាងចូវ) នា​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងក្វាងចូវ (Guangzhou Daily Group Culture Center) ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកសិក្សា មន្ត្រី​ការទូត និងតំណាងស្ថាប័នសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

​នៅក្នុងពិធីបើកវេទិកានេះ​ លោកស្រី Tan Jing សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនទីក្រុងក្វាងចូវ និងជាប្រធាននាយកដ្ឋានឃោសនាការរបស់ទីក្រុងក្វាងចូវ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការជំរុញការផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេសនៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

កម្មវិធីនេះ មានការធ្វីបទបង្ហាញពិសេសៗពីអ្នកជំនាញល្បីៗ អំពីការកសាងតំបន់ឈូងសមុទ្រលំដាប់ពិភពលោក និងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក តួនាទីរបស់ទីក្រុងក្វាងចូវក្នុងការតភ្ជាប់ទំនាក់​ទំនង​​ប្រទេសចិនទៅកាន់ពិភពលោក និងការចែករំលែកអំពីអំណាចប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នៅ​ក្នុង​កម្មវិធីនេះ ​មាន​វេទិកាពិភាក្សាចំនួន២ ដោយវេទិកាពិភាក្សាទី១ បានផ្តោតសំខាន់លើប្រធានបទ «ពីការតភ្ជាប់ទៅកាន់កិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នា៖ ពង្រីកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ី–ប៉ាស៊ីហ្វិក» និងវេទិកាពិភាក្សាទី២ បានផ្តោតសំខាន់លើប្រធានបទ «ពីការច្នៃប្រឌិតទៅការអនុវត្ត៖ ធ្វើឱ្យបញ្ញាសិប្បនិមិត្ត (AI) ក្លាយជាម៉ាស៊ីនជំរុញថ្មីសម្រាប់ការអភិវឌ្ឍអាស៊ី–ប៉ាស៊ីហ្វិក» ដោយបានលើកយកបច្ចេកវិទ្យា AI មកពិភាក្សាជាចំណុចស្នូល។

ការចូលរួមរបស់គណៈប្រតិភូកម្ពុជានៅក្នុង​កម្ម​វិធី​នេះ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងផ្តល់ឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តាញវិជ្ជាជីវៈ និងការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងសមភាគីក្នុងតំបន់។

វេទិកាអមក្វាងចូវនេះ ត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ អភិវឌ្ឍការផ្លាស់ប្តូរព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិមិត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

You might also like