សមត្ថកិច្ចជំនាញបង្ក្រាបករណីដឹកជញ្ជូនកូនត្រីខុសច្បាប់ ២ករណី នៅខេត្តកំពង់ចាម ដកហូតកូនត្រីជាង ៤០០គីឡូក្រាម
(កំពង់ចាម)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៣ទាបភ្លឺ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានជលផល រួមសហការដោយកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីដែលបានពីការនេសាទខុសច្បាប់ ចំនួន២ករណី នៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានឃាត់ទុកនិងដកហូតនូវវត្ថុតាងនៃបទល្មើសជលផលរួមមាន ម៉ូតូរ៉ឺម៉កចំនួន២គ្រឿង កូនត្រីចម្រុះទម្ងន់សរុប៤១០គីឡូក្រាម។
សមត្ថកិច្ចជំនាញជលផលនឹងបន្តស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងការទិញ លក់ និងចែកចាយកូនត្រីដែលបានពីការនេសាទខុសច្បាប់ទាំងនេះ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល៕






