បេសកជនអាមេរិកមើលឃើញ«ជំហាន»ឆ្ពោះទៅរកការចរចាត្រីភាគីជាមួយរុស្ស៊ី និងអ៊ុយក្រែន ក្រោយទស្សនកិច្ច

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបដាច់ដោយឡែកពីគ្នាជាមួយបេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការជំរុញឡើងវិញដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅពេលកងកម្លាំងរុស្ស៊ីបានលើកទ័ពចូលវាយលុកប្រទេសជិតខាងអ៊ុយក្រែន កាលពីជាងបួនឆ្នាំមុន។
លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បានសរសេរនៅលើបណ្ដាញសង្គម X ថា «វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើង រួមទាំងជំហានលើការកំណត់ពេលចរចាត្រីភាគីបន្ថែម»។លោក Witkoff ដែលជាសម្ព័ន្ធមិត្តធុរកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីចុងសប្តាហ៍មុននេះ រួមជាមួយដៃគូចរចា លោក Jared Kushner ដែលជាកូនប្រសាររបស់លោកTrump ។
ការបង្ហាញខ្លួនកាលពីថ្ងៃអាទិត្យនៅទីក្រុងគីវ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រេសិតទាំងពីររូបទៅកាន់រដ្ឋធានីអ៊ុយក្រែន។មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា បេសកជនទាំងពីរបាននាំមកនូវសំណើថ្មីៗ និង «មានប្រសិទ្ធភាពជាងមុន» ស្តីពីការបញ្ចប់សង្គ្រាម ប៉ុន្តែលោកZelenskyy ព្រមានថាការប្រយុទ្ធគ្នាទំនងជានឹងបន្តរហូតដល់រដូវរងា។
វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ ពុំបានច្រានចោលការចរចាត្រីភាគីជាមួយអាមេរិក និងអ៊ុយក្រែន គោលបំណងបញ្ចប់ជម្លោះនោះទេ។ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាវាឆាប់ពេកក្នុងការនិយាយអ្វីមួយអំពីទីកន្លែង ឬកាលបរិច្ឆេទពិតប្រាកដនៅដំណាក់កាលនេះ។ក្រុមអ្នកចរចាមកពីទីក្រុងមូស្គូនិងគីវបានជួបគ្នាចុងក្រោយសម្រាប់ការចរចាសម្របសម្រួលដោយអាមេរិកនៅទីក្រុងហ្សឺណែវកាលពីខែកុម្ភៈ ប៉ុន្តែពុំបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាទឹកដីនោះទេ។កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដឹកនាំដោយក្រុងវ៉ាស៊ីនតោនបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈរដ្ឋបាលលោក Trump បានងាកទៅផ្តោតលើសង្គ្រាមជាមួយអ៊ីរ៉ង់៕

You might also like