រដ្ឋបាលសារពើពន្ធនៃប្រទេសយុត្តាធិការចំនួន៨ ចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពក្នុងការកែទម្រង់និងការធ្វើទំនើបកម្មឌីជីថលរដ្ឋបាលសារពើពន្ធ
(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាប្រធានបទ៖ «បច្ចុប្បន្នភាពនៃការកែទម្រង់និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ» (Jurisdictional Updates on Tax Reform and Digitalization) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សានិងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR), រដ្ឋបាលសារពើពន្ធនៃប្រទេស/យុត្តាធិការចំនួន ៨ រួមមាន៖ ហ្វីជី ឡាវ ម៉ាកាវ ប៉ាពួញូហ្គីណេ តៃវ៉ាន់ ហុងកុង ថៃ និងវៀតណាម បានចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពក្នុងការកែទម្រង់និងការធ្វើទំនើបកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីពង្រឹងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ។
ប្រទេសហ្វីជី បានបង្ហាញពីការរៀបចំប្រព័ន្ធសេវាអ្នកជាប់ពន្ធតាមអនឡាញ (Taxpayer Online Service-TPOS) ដើម្បីគាំទ្រការចុះបញ្ជីពន្ធដារ, ការដាក់លិខិតប្រកាសនិងការទូទាត់ប្រាក់ពន្ធ, និងការផ្ដល់សេវាពាក់ព័ន្ធនឹងពន្ធដារផ្សេងទៀត ក្នុងថ្នាលតែមួយ។ ជាមួយគ្នានេះ រដ្ឋបាលសារពើពន្ធហ្វីជីក៏បានពង្រីកការគាំទ្រអ្នកជាប់ពន្ធតាមរយៈការពង្រីកការិយាល័យនិងមជ្ឈមណ្ឌលសេវា ការអប់រំ និងការផ្សព្វផ្សាយ ដើម្បីអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការទទួលសេវា។
ប្រទេសឡាវ បានលើកឡើងពីការកែទម្រង់សំខាន់ៗរបស់ខ្លួន រួមមានការកែទម្រង់លិខិតបទដ្ឋានគតិយុត្តដើម្បីអនុវត្តគោលការណ៍ពន្ធអប្បបរមាសកល (Global Minimum Tax) និងការធ្វើទំនើបកម្មប្រព័ន្ធ Tax Revenue Information System (TaxRIS) ដើម្បីគាំទ្រការអនុវត្តការចេញវិក្កយបត្រអេឡិចត្រូនិក (e-Invoicing) និងការវិភាគទិន្នន័យ។
រដ្ឋបាលសារពើពន្ធម៉ាកាវ បានលើកឡើងពីការអនុវត្តក្រមពន្ធដារថ្មីរបស់ខ្លួន ដែលបានចូលជាធរមាននៅខែមករា ឆ្នាំ២០២៦ ដែលជាមូលដ្ឋានគតិយុត្តបម្រើដល់ការអនុវត្តវិធានការរបស់រដ្ឋបាលសារពើពន្ធ ជាអាទិ៍ ការជូនលិខិតជូនដំណឹងតាមប្រព័ន្ធឌីជីថល ការចែករំលែកទិន្នន័យ និងការកែលម្អយន្តការបង្វិលសងប្រាក់ពន្ធ។
ប្រទេសប៉ាពួញូហ្គីណេ បានធ្វើបទបង្ហាញពីការច្បាប់ពន្ធលើប្រាក់ចំណូល (Income Tax Act) និងច្បាប់រដ្ឋបាលសារពើពន្ធ (Tax Administration) ដែលចូលជាធរមានក្នុងឆ្នាំ២០២៦នេះ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកែទម្រង់និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ។ ប្រទេសប៉ាពួញូហ្គីណេកំពុងផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងសេវាឌីជីថល តាមរយៈការផ្ដល់សេវាតាមអនឡាញ និងកម្មវិធីទូរស័ព្ទ (Mobile App)។
រដ្ឋបាលសារពើពន្ធតៃវ៉ាន់ បានចែករំលែកនូវបច្ចុប្បន្នភាពវិធានការរបស់ខ្លួន រួមមានការគណនាប្រាក់ពន្ធអចលនទ្រព្យជាមុន (Pre-calculated Estate Tax) និងការប្រកាសពន្ធលើប្រាក់ចំណូលតាមអនឡាញ ដោយប្រើប្រាស់ទិន្នន័យពីស្ថាប័នហិរញ្ញវត្ថុសម្រាប់ជាមូលដ្ឋានរៀបចំទិន្នន័យជាមុនសម្រាប់អ្នកជាប់ពន្ធ។ ទន្ទឹមនឹងនេះក៏មានយន្តការផ្ទៀងផ្ទាត់ដោយប្រើប្រាស់ទិន្នន័យអត្តសញ្ញាណ ទិន្នន័យវិក្កយបត្រអេឡិចត្រូនិក (e-Invoice) ទិន្នន័យធនាគារ និងទិន្នន័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងការគ្រប់គ្រងនិងធានាអនុលោមសារពើពន្ធ។
រដ្ឋបាលសារពើពន្ធហុងកុង បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ តាមរយៈការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការពង្រឹងកិច្ចសហប្រតិបត្តិការពន្ធដារ។
ហុងកុង បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការការពារទិន្នន័យ និងសន្តិសុខសាយប័រ និងការត្រៀមឆ្លើយតបចំពោះឧប្បត្តិហេតុនានា។ បច្ចុប្បន្ន ហុងកុង កំពុងអភិវឌ្ឍកម្មវិធីប្រើប្រាស់ AI សម្រាប់វិភាគប្រតិបត្តិការធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីស្វែងរកករណីមានហានិភ័យខ្ពស់, ពង្រឹងការផ្ដល់សេវា, និងបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រី។
ប្រទេសថៃ បានបង្ហាញពីគម្រោងពន្ធសាមញ្ញ (Simplified Tax Programme) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយផ្តល់លទ្ធភាពចុះបញ្ជីតាមកម្មវិធីធនាគារ ឬ e-Wallet ដោយប្រើដំណើរការបំពេញលិខិតប្រកាសដែលមានលក្ខណៈសាមញ្ញជាងមុន។
ប្រទេសវៀតណាម បានបង្ហាញពីការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ ដើម្បីឆ្លើយតបនឹងការអនុវត្តគោលការណ៍ពន្ធអប្បបរមាសកល (Global Minimum Tax) និងការផ្ទេរថ្លៃ (Transfer Pricing)។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ក៏បានពង្រឹងការប្រើប្រាស់ប្រព័ន្ធ eTax Mobile ដើម្បីបម្រើមុខងារបំពេញលិខិតប្រកាសជាមុន (Pre-filling) និងផ្ញើការជូនដំណឹងជាមុនទៅអ្នកជាប់ពន្ធ ដោយមានការតភ្ជាប់ទិន្នន័យពីស្ថាប័នពាក់ព័ន្ធ។
បទពិសោធន៍របស់រដ្ឋបាលសារពើពន្ធនៃប្រទេស/យុត្តាធិការជាសមាជិក SGATAR បានបង្ហាញយ៉ាងច្បាស់ថាការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារគឺមានលក្ខណៈស្រដៀងនិងស្របគ្នាជាមួយរដ្ឋបាលសារពើពន្ធក្នុងតំបន់។ តាមរយៈការរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋបាលពន្ធដារក្នុងតំបន់ គឺជាមូលដ្ឋានសម្រាប់កម្ពុជាបន្តសិក្សា និងជ្រើសរើសយកបទពិសោធន៍ដែលសមស្របនឹងបរិបទរបស់ខ្លួន ដើម្បីពង្រឹងសេវាអ្នកជាប់ពន្ធ ពង្រឹងអនុលោមសារពើពន្ធ ប្រសិទ្ធភាពនៃការប្រមូលចំណូល និងសមត្ថភាពគ្រប់គ្រងហានិភ័យ ក្រោមគោលដៅបន្តកសាងរដ្ឋបាលពន្ធដារទំនើបដើម្បីបម្រើអ្នកជាប់ពន្ធឱ្យបានកាន់តែល្អ លើកកម្ពស់ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពការងារ ផ្ដល់ភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងពង្រឹងអនុលោមសារពើពន្ធ៕






