ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹកទន្លេតូច និងប្រព័ន្ធធារាសាស្ត្រ ដើម្បីបើកទឹក និងបូមសង្គ្រោះស្រូវវស្សា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង

ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីរៀបចំផែនការអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់ប្រជាកសិករ។
ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅតាមប្រព័ន្ធធារាសាស្ត្រសំខាន់ៗ រួមមាន៖ ទំនប់អាងទឹករលួស ប្រឡាយមេ និងសំណង់សិល្បការ្យមួយចំនួន ដើម្បីបើកទ្វារទឹកទាញយកប្រភពទឹកពីទន្លេតូច ហូរកាត់ប្រឡាយវ៉ៃគោជំហាន១ ចូលទៅប្រឡាយកូនភ្លោះ អាងទឹកកំពង់ជ្រៃ និងស្ថានីយបូមទឹកទី៤ ក្នុងគោលដៅនាំទឹកទៅសង្គ្រោះស្រូវវស្សាជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ជាមួយគ្នានេះ ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានចុះពិនិត្យសកម្មភាពអន្តរាគមន៍របស់មន្ទីរខេត្តស្វាយរៀង ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដំឡើងម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ១គ្រឿង ទាញទឹកចេញពីប្រឡាយមេក្រាំងលាវ ដើម្បីសង្គ្រោះស្រូវវស្សាបានទាន់ពេលវេលាលើផ្ទៃដីចំនួន ១,៣៤៨.២៦ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខណៈដែលកសិករមួយចំនួនកំពុងប្រមូលផល និងមួយចំនួនទៀតកំពុងរៀបចំដីបង្កបង្កើនផលលើកទី២។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំមន្ទីរទាំងពីរឱ្យគ្រប់គ្រងប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពឱ្យបានម៉ឺងម៉ាត់ ដោយត្រូវជីកកាយប្រឡាយទាញទឹក ត្រៀមម៉ាស៊ីនបូមអន្តរាគមន៍ សិក្សាប្រភពទឹកក្រោមដី និងតាមដានព្យាករណ៍អាកាសធាតុជាប្រចាំ ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

You might also like