ចៅអធិការវត្តល្បីនៅអយុធ្យា កិបកេងលុយវត្តជិត ៣ លានដុល្លារ ឱ្យស្រីស្នេហ៍ ថែមលួចថតវីដេអូទុកពេលអីៗគ្នាក្នុងកុដិ
កម្លាំងប៉ូលិសស៊ើបអង្កេតកណ្តាល (CIB) របស់ថៃ បានបើកប្រតិបត្តិការចាប់ខ្លួនព្រះសង្ឃមួយអង្គនាមថាលោកឪ Atichot ជាចៅអធិការវត្ត Phutthaisawan ខេត្តអយុធ្យា តាមដីកាបង្គាប់ ជុំវិញករណីកិបកេងលុយវត្ត។
ចៅអធិការរូបនេះ ត្រូវបានគេឃាត់ខ្លូននៅម៉ោង ៦ ព្រឹកនៅក្នុងកុដិផ្ទាល់ខ្លួន ហើយគេក៏ឃាត់ខ្លួនបានស្រ្តីម្នាក់ ដែលជាអ្នកជិតស្និទ្ធនឹងព្រះសង្ឃរូបនេះ ដើម្បីនាំមកសាកសួរជុំវិញការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះផងដែរ។
តាមព័ត៌មានបានឱ្យដឹងថា ព្រះសង្ឃរូបនេះត្រូវបានចោទប្រកាន់ពីបទកិបកេងទ្រព្យសម្បត្តិសាធារណៈ ការប្រព្រឹត្តមិនត្រឹមត្រូវក្នុងតួនាទី និងបទល្មើសសមគំនិតក្នុងការលាងលុយកខ្វក់បន្ទាប់ពីប៉ូលិសរកឃើញចរន្តលុយដែលតភ្ជាប់រវាងគណនីរបស់វត្ត និងស្ត្រីដែលជាអ្នកជិតស្និទ្ធរបស់ព្រះសង្ឃរូបនេះ។
របាយការណ៍ស៊ើបអង្កេតបានបង្ហាញថា រឿងក្តីនេះកើតចេញពីការសង្ស័យលើការចេញវិក្កយបត្រទទួលលុយបរិច្ចាគក្លែងក្លាយជាង ២០ សន្លឹក ក្នុងរយៈពេល ២ ឆ្នាំមកនេះ ដែលគិតជាទឹកប្រាក់សរុបមានរហូតដល់ជាង ៩២ លានបាត។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ប៉ូលិស CIB បានបញ្ជាក់ថា ព្រះសង្ឃរូបនេះបានផ្ទេរលុយដែលកិបកេងបានទៅឱ្យស្ត្រីម្នាក់ជិតស្និទ្ធ ដើម្បីធ្វើការបន្លំ និងប្តូរឈ្មោះម្ចាស់លុយ ហើយចាយលុយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លើសពីនេះទៅទៀត សមត្ថកិច្ចបានរកឃើញភស្តុតាងវីដេអូពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងកុដិ ដែលបង្ហាញពីសកម្មភាពមិនសមរម្យរបស់ចៅអធិការរូបនេះជាមួយស្ត្រីជិតស្និទ្ធ គឺជាការរួមដំណេក ដែលនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យសង្ឃ។
បច្ចុប្បន្នជនសង្ស័យទាំងពីររូបត្រូវបានបញ្ជូនទៅកងបង្ក្រាបកំហុសដើម្បីសាកសួរចម្លើយ និងបន្តនីតិវិធី ហើយប៉ូលិសគ្រោងនឹងពង្រីកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកមើលអ្នកពាក់ព័ន្ធផ្សេងទៀត ព្រមទាំងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិដែលសង្ស័យថាបានមកពីការកិបកេងលុយវត្តដើម្បីប្រគល់ជូនរដ្ឋ ឬវត្តអារាមវិញតាមផ្លូវច្បាប់៕






