ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association – JCA) កំពុងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើការអភិរក្ស និងបំប្លែងបណ្ណសារវីដេអូប្រវត្តិសាស្ត្រដែលបានថតទុកពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗនានា ទៅជាទម្រង់ឌីជីថល ដើម្បីរក្សាទុកជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ និងអភិរក្សបណ្ណសារវីដេអូចាស់ៗ ដែលកំពុងរក្សាទុកនៅទូរទស្សន៍ជាតិកម្ពុជា (TVK) ជាពិសេសការបំប្លែងឯកសារដែលមានផ្ទុកនៅលើមេឌៀចាស់ៗ ឬទម្រង់ផ្ទុកទិន្នន័យដែលលែងប្រើប្រាស់ ទៅជាបណ្ណសារឌីជីថល។ ការងារនេះនឹងរួមចំណែកការពារឯកសារទាំងនោះពីការខូចខាត និងការបាត់បង់ ព្រមទាំងជួយសម្រួលដល់ការរៀបចំ ចាត់ថ្នាក់ ស្វែងរក និងប្រើប្រាស់ឯកសារបានកាន់តែមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមសហការគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដោយចាត់ទុកបណ្ណសារវីដេអូចាស់ៗថា ជាប្រភពព័ត៌មាន និងឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលអាចឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ សកម្មភាព និងការវិវត្តសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងអតីតកាល។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បណ្ណសារវីដេអូទាំងនេះមិនមែនគ្រាន់តែជាឯកសារសម្រាប់រក្សាទុកក្នុងឃ្លាំងប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង និងជាប្រភពចំណេះដឹងដែលមានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការអភិរក្ស និងបំប្លែងបណ្ណសារទាំងនេះទៅជាទម្រង់ឌីជីថល គឺជាការងារចាំបាច់ ដើម្បីធានាថាឯកសារដ៏មានតម្លៃទាំងនេះអាចរក្សាទុកបានយូរអង្វែង និងមិនត្រូវបានបាត់បង់ ឬខូចខាតទៅតាមពេលវេលា។ ជាមួយគ្នានេះ បណ្ណសារឌីជីថលក៏នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការចាត់ថ្នាក់ ការស្វែងរក និងការប្រើប្រាស់ឯកសារសម្រាប់ការងារព័ត៌មាន និងការផ្សព្វផ្សាយជូនសាធារណជន។
រដ្ឋមន្ត្រីបានបន្ថែមថា ការងារអភិរក្សនេះមានគោលដៅធានាថា បណ្ណសារវីដេអូប្រវត្តិសាស្ត្រទាំងនេះនឹងក្លាយជាមរតកឯកសាររបស់ជាតិ ដែលអាចបន្តបម្រើជាប្រភពចំណេះដឹង និងព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការផលិតព័ត៌មាន និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះ ក្នុងជំនួបក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា លើវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតមាតិកាឌីជីថល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការទទួលបានចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ជាការឆ្លើយតប ភាគី JCA បានបង្ហាញឆន្ទៈក្នុងការស្វែងរកឱកាសបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការអភិរក្សមរតកឯកសារប្រវត្តិសាស្ត្ររបស់ជាតិឱ្យបានគង់វង្ស៕

You might also like