ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូយុវជនកម្ពុជា ដែលត្រៀមចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក

ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ តម្រង់ទិស ព្រមទាំងចែករំលែកបទពិសោធដល់ប្រតិភូយុវជនកម្ពុជាទាំង ១២រូប មុនចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី នាពេលខាងមុខ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ព្រមទាំងបានគោរពស្នើសុំអនុសាសន៍ណែនាំ ដើម្បីជាមូលដ្ឋានសម្រាប់ប្រតិភូយុវជនកម្ពុជាទាំង ១២រូប ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូយុវជនកម្ពុជាទាំង ១២រូប ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងត្រៀមខ្លួនប្រកបដោយការទទួលខុសត្រូវ និងឆន្ទៈមោះមុត ដើម្បីតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យប្រតិភូយុវជនទាំងអស់ ត្រៀមលក្ខណៈឱ្យបានល្អ មានជំនឿជាក់លើខ្លួនឯង រក្សាស្មារតីសាមគ្គីភាព និងចេះសហការគ្នាជាក្រុម។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រតិភូយុវជនត្រូវចូលរួមផ្លាស់ប្តូរចំណេះដឹង និងបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសនានា ព្រមទាំងប្រើប្រាស់ឱកាសនេះជាវេទិកាសម្រាប់រៀនសូត្រ ពង្រីកបណ្តាញទំនាក់ទំនង ព្រមទាំងបង្ហាញពីអត្តសញ្ញាណ សមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជាជូនសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា មហោស្រពយុវជនពិភពលោក ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា រុស្ស៊ី និងបណ្តាប្រទេសជាដៃគូ តាមរយៈការទូតប្រជាជន និងការទូតយុវជន ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើវេទិកាយុវជនអន្តរជាតិ ដែលមានយុវជនមកពីជាង ១៩០ប្រទេស ចូលរួម។

You might also like