ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃលំហូរប្រតិបត្តិការសេវាផ្តល់ព្រឹត្តិបត្រថ្កោលទោស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនាពេលខាងមុខ
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យ វាយតម្លៃ លើ «លំហូរប្រតិបត្តិការសេវាផ្តល់ព្រឹត្តិបត្រថ្កោលទោស» សំដៅធានាឱ្យបាននូវប្រសិទ្ធភាព សុក្រឹតភាព ភាពឆាប់រហ័ស ព្រមទាំងរៀបចំកម្លាំងប្រតិបត្តិការ និងប្រព័ន្ធការងារឱ្យមានភាពរួចរាល់ ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការស្នើសុំសេវានេះនាពេលខាងមុខ។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យលើភារកិច្ចក្រុមការងារជំនាញឱ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាប្រឈម សំដៅទប់ស្កាត់កំហុសឆ្គង កាត់បន្ថយការកកស្ទះ និងពន្លឿនការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការនាពេលខាងមុខ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការកែសម្រួល និងពង្រឹងលំហូរការងារនាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងយុត្តិធម៌ ដើម្បីធានាបានទាំង «ប្រសិទ្ធភាពការងារ» ផ្ទៃក្នុងផង និង «សមត្ថភាពឆ្លើយតបចំពោះតម្រូវការកើនឡើង»ផង របស់ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ ឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាពខ្ពស់។






