រដ្ឋបាលឃុំកញ្ចំចេញលិខិតបំភ្លឺ! ជុំវិញករណីក្មួយស្រីមន្ត្រីសុរិយោដីនៅព្រៃវែង លេងហ្គេមកន្លែងចែកប្លង់ដី ទាំងមានពលរដ្ឋរង់ចាំច្រើន

នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ រដ្ឋបាលឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានចេញលិខិតបំភ្លឺ បន្ទាប់ពីមានការចុះផ្សាយលើបណ្តាញសង្គម អំពីករណីមន្ត្រីសុរិយោដីយកពេលវេលាម៉ោងធ្វើការទៅលេងហ្គេម នៅកំឡុងពេលប្រជាពលរដ្ឋកំពុងរង់ចាំទទួលសេវាជាច្រើននាក់។
រដ្ឋបាលឃុំកញ្ចំ បានឆ្លើយបំភ្លឺឱ្យដឹងថា ចំពោះករណីខាងលើនេះ នៅថ្ងៃទី ១៤-១៥-១៦ ខែកញ្ញា ឆ្នាំ ២០២៦ មន្ត្រីសុរិយោដី បានចុះទៅផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅក្នុងភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ដោយឡែក នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ លោកអនុប្រធានក្រុមវាលទី២ ចុះបញ្ជីក្នុងឃុំកញ្ចំ បានចុះចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដោយមានឈ្មោះ ណាក់ ស្រីនិច ភេទស្រីអាយុ ១៨ ឆ្នាំ ដែលទើបនឹងប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បានសុំមកជួយបំពេញការងារខ្លះៗទុកជាបទពិសោធ ដោយបានប្រគល់ការងារឱ្យឈ្មោះ ណាក់ ស្រីនិច នេះ ជាអ្នកជួយផ្តិតមេដៃប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ក្នុងលិខិតដដែលនេះ ក៏បានបញ្ជាក់ច្បាស់ៗថា ឈ្មោះ ណាក់ ស្រីនិច ភេទស្រីអាយុ ១៨ ឆ្នាំនេះ មិនមែនជាមន្ត្រីសុរិយោដី ឬ ក៏ជាមន្ត្រីកិច្ចសន្យាទេ គ្រាន់តែជាអ្នកមកជួយការងារយកបទពិសោធន៍ប៉ុណ្ណោះ។
រដ្ឋបាលឃុំបានបន្តឱ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល ២ រសៀល នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ក្រោយពេលសម្រាកហូបបាយថ្ងៃត្រង់រួច ក៏បានធ្វើការងារបន្ត ម្យ៉ាងទៀតឯកសារមិនទាន់មកដល់ ក៏ឆ្លៀតពេលប្រើទូរស័ព្ទបន្តិច។
លើសពីនេះ ខណៈពេលនោះមានលោកមេភូមិដូង និង ប្រជាពលរដ្ឋ ដែលរង់ចាំទទួលបណ្ណកម្មសិទ្ធិនៅទីនោះដែរ ហើយលោកអនុប្រធាន ក្រុម និង លោកមេភូមិដូង កំពុងជជែកគ្នាពីបញ្ហាបញ្ជីក្បាលដីអវត្តមាន ទើបធ្វើឱ្យមានការយឺតយ៉ាវឯកសារបន្តិច។
សូមបញ្ជាក់ថា ការចេញសេចក្ដីបំភ្លឺនេះ គឺធ្វើឡើងក្រោយមានការបង្ហោះវីដេអូពីសកម្មភាពឈ្ងោកចុចទូរស័ព្ទលេងហ្គេមរបស់ស្រ្តីរូបនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការជជែកវែកញែក ទៅលើឥរិយាបថស្ត្រី ដែលបង្ហាញពីសកម្មភាពបំពេញការងារដោយខ្វះការទទួលខុសត្រូវ ធ្វើឱ្យមហាជនយល់ឃើញថា ប៉ះពាល់ដល់ប្រសិទ្ធភាពសេវាសាធារណៈយ៉ាងខ្លាំង៕

You might also like