មេឧក្រិដ្ឋជនកូរ៉េខាងត្បូងម្នាក់ មានគម្រោងរត់ចេញពីពន្ធនាគារនៅហ្វីលីពីន ដោយតោងយន្តហោះដ្រូន

(សេអ៊ូល)៖ មេឧក្រិដ្ឋជនជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់៦០ឆ្នាំ នៅឯប្រទេសហ្វីលីពីន ត្រូវបានរាយការណ៍ថា មានគម្រោងរត់ចេញពីពន្ធនាគារ ដោយប្រើយន្តហោះដ្រូនលើកទម្ងន់ធ្ងន់ ដែលមានសមត្ថភាពយោងមនុស្ស ប៉ុន្តែក្រោយមកផែនការនោះ ត្រូវបានបោះបង់ចោលវិញ ដោយសារការបែកធ្លាយឃ្លីបវីដេអូធ្វើតេស្តដ្រូន សម្រាប់គោលដៅនោះ ដោយបក្ខពួករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នាពេលថ្មីៗនេះ។
លោក Park Wang-yeol ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០២២ ពីបទសម្លាប់ជនជាតិកូរ៉េខាងត្បូង៣នាក់ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៦។ តាមសេចក្តីរាយការណ៍ក្នុងសប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង JTBC លោក Park បានចាប់ផ្តើមរៀបចំផែនការរត់គេចខ្លួនមួយ ខណៈកំពុងជាប់ឃុំក្នុងពន្ធនាគារនៅហ្វីលីពីន។
តាមសេចក្តីរាយការណ៍ ផែនការខាងលើពាក់ព័ន្ធការប្រើយន្តហោះដ្រូនមួយប្រភេទ ដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់លើកមនុស្ស។ មនុស្សម្នាក់ដែលជាប់សង្ស័យជាអ្នកសមគំនិត បានសាកល្បងម៉ូដែលដ្រូនលើកទម្ងន់ធ្ងន់មួយ ដែលអាចផ្ទុកទម្ងន់បានប្រហែល ៧៥គីឡូក្រាម។ វីដេអូនៃហាត់សមធ្វើតេស្តនោះ បង្ហាញឱ្យឃើញបុរសម្នាក់តោងនៅក្រោមដ្រូន ហើយត្រូវបានសណ្តោងឡើងទៅលើកម្ពស់ប៉ុន្មានម៉ែត្រ មុនពេលទម្លាក់ខ្លួនចូលក្នុងទឹក។
គេជឿថា លោក Park បានចំណាយប្រាក់ប្រហែល ១០០លានវ៉ុន ឬប្រមាណ ៧៤០០០ដុល្លារអាមេរិក ដើម្បីរៀបចំប្រតិបត្តិការនេះ ហើយវីដេអូនៃការហាត់សមនោះ ទំនងជាមូលហេតុ ដែលធ្វើឱ្យផែនការទទួលបរាជ័យ។ វីដេអូនៃការបង្ហោះដ្រូនក្នុងលក្ខណៈខុសប្លែកពីធម្មតាខាងលើ បានលេចឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ហើយបន្ទាប់មក កាលវិភាគផ្ទេរលោក Park ចេញពីពន្ធនាគារ ក៏ត្រូវបានផ្លាស់ប្តូរ ហើយតាមសេចក្តីរាយការណ៍ ផែនការរត់គេចនោះ ក៏ត្រូវបានបោះបង់ចោលវិញ។
គួរបញ្ជាក់ថា គម្រោងរត់ចេញពីពន្ធនាគារដោយប្រើយន្តហោះដ្រូននេះ គឺត្រូវបានគ្រោងសម្រាប់ប្រព្រឹត្តទៅ នៅប៉ុន្មានសប្តាហ៍មុនពេលលោក Park ត្រូវបានបញ្ជូនខ្លួនជាបណ្តោះអាសន្ន មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីខែមីនា ឆ្នាំ២០២៦នេះ ដើម្បីប្រឈមមុខជាមួយការចោទប្រកាន់ពីបទដឹកនាំការនាំចូល​គ្រឿងញៀនប្រភេទមេតាំហ្វេតាមីនទម្ងន់ ៤,៨គីឡូក្រាម អំឡុងពេលស្ថិតក្នុងពន្ធនាគារនៅហ្វីលីពីន។ លោក Park ក៏ធ្លាប់រត់គេចខ្លួនបានសម្រេច ពីការឃុំឃាំងរបស់អាជ្ញាធរហ្វីលីពីន ២ដងរួចមកហើយផងដែរ គឺកាលពីក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩៕

You might also like