ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងណែនាំ ផែនការងារសន្តិសុខ ត្រូវពង្រឹងលើការងារជំនាញដើម្បីធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។ បន្តសហការស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ឲ្យបានជាប្រចាំ និងមិនដកថយឡើយ។
ឯកឧត្តមស្នងការ ណែនាំផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងការងារជំនាញ បង្ការទប់ស្កាត់បទល្មើស អំពើលួច ឆក់ និងជាពិសេសបង្រ្កាបបទល្មើស ក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងមិនលើកលែងឡើយចំពោះក្មេងទំនើងនេះ។ ជាពិសេសត្រូវបន្តគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពមុខសញ្ញាក្មេងទំនើង។ បន្តដឹកនាំវាយតម្លៃសភាពការណ៍ និងដាក់ចេញនូវចំណាត់ការស្រាវជ្រាវបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសនានា។
ឯកឧត្តមស្នងការ ក៏បានណែនាំផែនការងារប្រឆាំងគ្រឿងញៀន បន្តពង្រឹងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំ បណ្តាប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឲ្យបានច្បាស់លាស់ និងបែងចែកការទទួលខុសត្រូវការងារតាមជំនាញ៕






