ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជំរុញស្ថាប័នតុលាការ និងអ្នកពាក់ព័ន្ធត្រូវដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងស្របតាមច្បាប់ ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ
(កែប)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញដល់មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងស្របតាមច្បាប់ ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលប្រព្រឹត្តធ្វើឡើង ស្ថិតនៅក្រុងកែប ខេត្តកែប ដោយចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត តំណាងកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីតុលាការ និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់មួយ ស្របពេលដែលកម្ពុជាកំពុងអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ។ លោកបន្តថា ការដាក់ឲ្យប្រើប្រាស់អគារថ្មីនេះ មិនត្រឹមតែបំពេញតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ស្ថាប័នតុលាការ និងអយ្យការ ព្រមទាំងសម្រួលដល់ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកែប ពិតជាមានមោទនភាព ចំពោះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកែប អគាររដ្ឋបាលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលត្រូវបានបង្កើតឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
លោកបន្ថែមថា អគាររដ្ឋបាលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប នឹងត្រូវបានក្លាយជាឧត្តមប្រយោជន៍សម្រាប់បម្រើការងារវិស័យយុត្តិធម៌ ជូនសាធារណជនទូទៅ និងប្រជាពលរដ្ឋទូទាំងខេត្តកែបទាំងមូល។
ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបណ្ឌិត សោម ពិសិដ្ឋ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋបាលខេត្តកែប អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ នឹងបន្តសហការឲ្យបានកាន់តែស្អិតរមួត និង ជិតស្និទ្ធបំផុត ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ដកែបទាំងអស់។
លើសពីនេះនឹងរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ក្រុមក្មេង ទំនើង ការជួញដូរមនុស្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រៃឈើ ជលផល និងជាពិសេសបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យខាងតែបានមិនអនុញ្ញាតឲ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតឡើងនៅលើទឹកដី ខេត្តជាដាច់ខាត ដូចអ្វីដែលបានខិតខំកន្លងមក ដោយបានបង្ក្រាបបទល្មើសនេះ ២ករណីរួចមកហើយ ដើម្បីប្រែក្លាយខេត្តកែប ឲ្យទៅជាខេត្តដែលមិនត្រឹមតែមានបរិស្ថានល្អ ទេសភាពស្អាតប៉ុណ្ណោះទេ តែជាខេត្តដែល មានសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គមដ៏ពេញលេញ៕






