ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ជាជំនួបលើកដំបូងរវាងភាគីទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍នៃប្រទេសទាំងពីរ។

ជំនួបប្រកបដោយផ្លែផ្កានេះបិទបញ្ចប់ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទូតរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕

You might also like