លោក សុខ លូ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពអាងស្តុកទឹក និងតំបន់រងការលិចលង់ដោយជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពនៅទំនប់ពហុបំណងបាត់ដំបង(សេកសក)នៅស្រុករតនមណ្ឌល ទំនប់កង្ហតនៅស្រុកបាណន់ និងតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកបាណន់។
ក្នុងឱកាសនោះ លោក បញ្ជាក់ឱ្យដឹងថា ទំនប់ពហុបំណងសេកសក(បាត់ដំបង)មានរយ:កម្ពស់៥៧.៨០ម៉ែត្រ ប៉ុន្តែការរំដោះទឹកនៅធានាបានសុវត្ថិភាពទាំងស្រុង។ចំពោះស្ថានភាពទឹកហូរពីទំនប់កង្ហតទៅសាលាតាអនកាត់តាមក្រុងបាត់ដំបងមិនទាន់មានសញ្ញាថមថយទេ ខណៈក្រុងបាត់ដំបងអាចបន្តលិចលង់តាមបណ្តាសង្កាត់នានាបន្ថែមទៀត។
លោក បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។
លោក ក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានត្រូវជូនដំណឹងពីស្ថានភាពវិវត្តនៃកម្ពស់ទឹក និងខ្សែផ្លូវដែលត្រូវបានផ្អាកចរាចរណ៍ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ ៕






