រដ្ឋមន្ដ្រីមហាផ្ទៃ ចូលរួមសន្និសីទជាន់ខ្ពស់ អនុវត្តច្បាប់អាស៊ាន នៅវៀតណាម លើការងារបង្ក្រាបជនល្មើសរត់គេចខ្លួន
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូទៅចូលរួម សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចូលរួម«សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» រៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
សូមរំលឹកថា សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណង បង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់។ ទន្ទឹមនេះ សន្និសីទក៏នឹងធ្វើការពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងគោលដៅថែរក្សា សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសហគមន៍អាស៊ានទាំងមូល៕






