វ៉ាលិសអ្នកដំណើររាប់ពាន់ កំពុងកកស្ទះពេញព្រលានសុវណ្ណភូមិ ព្រោះបុគ្គលិកនៅវីវក់នឹងទឹកជំនន់លិចផ្ទះ អត់ព្រមទៅធ្វើការ
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងរងការរិះគន់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាកកស្ទះវ៉ាលិសអ្នកដំណើរយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងទីក្រុងបាងកក បានធ្វើឱ្យបុគ្គលិកមួយចំនួនមិនមកធ្វើការ។
កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមហ៊ុនបានប្រកាសថា វ៉ាលិសដែលកកស្ទះមកពីជើងហោះហើរចំនួន ៥២ ជើង កំពុងស្ថិតក្នុងដំណើរការរៀបចំ និងដឹកជញ្ជូនទៅកាន់អ្នកដំណើរវិញ ដែលលោក Chai Eamsiri អគ្គនាយកក្រុមហ៊ុន បានចេញមុខសុំទោសជាសាធារណៈ និងបានបញ្ជាក់ថា ក្រុមហ៊ុនបានបន្ថែមបុគ្គលិក ដើម្បីពន្លឿនការងារនេះឱ្យបានលឿនបំផុត។
ទាក់ទងនឹងមូលហេតុចម្បង ក្រុមហ៊ុនបានបកស្រាយថា ទឹកជំនន់បានជះឥទ្ធិពលផ្ទាល់ដល់ផ្នែកសេវាកម្មលើដី (Ground-handling) ដោយបុគ្គលិកភាគច្រើនមិនអាចមកបំពេញការងារបាន ព្រោះតែផ្ទះកំពុងតែត្រូវទឹកជំនន់ជន់លិចយ៉ាងខ្លាំង។
ទោះបីជាអាកាសយានដ្ឋាននៅតែបន្តប្រតិបត្តិការហោះហើរធម្មតាក្តី ប៉ុន្តែកង្វះខាតបុគ្គលិកបានធ្វើឱ្យរអាក់រអួលដល់ការផ្ទុកអីវ៉ាន់ ការរៀបចំជណ្តើរយន្តហោះ និងការចល័តឧបករណ៍ផ្សេងៗ។
ទោះជាក្រុមហ៊ុនបានបញ្ជូនរថយន្តទៅទទួលបុគ្គលិកដល់ផ្ទះក៏ដោយ ក៏បុគ្គលិកជាច្រើននៅតែមិនព្រមមកធ្វើការ ដែលបណ្តាលឱ្យកម្លាំងពលកម្មធ្លាក់ចុះ ហើយវ៉ាលិសចាប់ផ្តើមកកស្ទះជាបន្តបន្ទាប់។
លោក Chai Eamsiri បានបញ្ជាក់បន្ថែមថា បន្ទុកដ៏ធ្ងន់ធ្ងរនេះក៏បណ្តាលមកពីតួនាទីរបស់ Thai Airways ផងដែរ។ ក្រៅពីបម្រើសេវាកម្មសម្រាប់ជើងហោះហើររបស់ខ្លួន ក្រុមហ៊ុនក៏ជាអ្នកទទួលម៉ៅការផ្តល់សេវាកម្មលើដី សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ដៃគូជាច្រើនផ្សេងទៀត ដែលធ្វើឱ្យទំហំការងារមានទំហំធំធេងហួសកម្រិតក្នុងពេលមានអាសន្ន។
យ៉ាងណាមិញ ដើម្បីដោះស្រាយវិបត្តិនេះ Thai Airways បានស្នើសុំឱ្យក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានថៃ (AOT) ជួយសម្របសម្រួលរកភ្នាក់ងារសេវាកម្មលើដីផ្សេងទៀត មកជួយរ៉ាប់រងការងារខ្លះពីក្រុមហ៊ុនអតិថិជនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានលុបចោល ឬច្របាច់បញ្ចូលគ្នានូវជើងហោះហើរមួយចំនួន ហើយផ្ទេរអ្នកដំណើរដែលរងផលប៉ះពាល់ទៅកាន់ក្រុមហ៊ុនផ្សេងផងដែរ៕






