សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃវត្តឧណ្ណាលោម
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីជួយសម្រាលការលំបាកដល់ ព្រះសង្ឃចំនួន ៣៣៥អង្គ ដែលកំពុងគង់នៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់នៅតាមទីអារាមចំនួន ១៥វត្តផ្សេងទៀតផងដែរ។
អំណាចនៃបុណ្យកុសលនេះ សូមបានសម្រេចដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសូមឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងអស់ សូមបានទទួលនូវផលានិសង្ឃ និងប្រសិទ្ធពរជ័យជូនដល់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍៕






