លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានដឹកនាំកិច្ចប្រជុំក្រុមការងារទីក្រុងសេឡឹម ដើម្បីពិនិត្យវឌ្ឍនភាពការងារ ធ្វើបច្ចុប្បន្នភាពសមាសភាព និងកំណត់ទិសដៅការងារបន្ត។

ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំ លោកឧកញ៉ា ស្រី ចាន់ថន បានពិនិត្យ និងលើកឡើងអំពីលទ្ធផលការងារ និងសកម្មភាពដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងអំឡុងពេលចុះបំពេញការងារនៅរដ្ឋអូរីហ្គិន ព្រមទាំងបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារទីក្រុងសេឡឹម ដោយមានការបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពច្បាស់លាស់។

ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន បានដាក់ចេញទិសដៅការងារសំខាន់ៗចំនួន ៣ រួមមាន៖
១. ពង្រឹងរចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវ របស់ក្រុមការងារឱ្យបានច្បាស់លាស់។
២. ពង្រឹងសាមគ្គីភាព កិច្ចសហការ និងការចូលរួម របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា។
៣. រៀបចំផែនការសកម្មភាពការងារឱ្យមានភាពច្បាស់លាស់ ព្រមទាំងតាមដាន និងវាយតម្លៃលទ្ធផលការងារជាប្រចាំ។

បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពការងារចុះមូលដ្ឋាននៅរដ្ឋអូរីហ្គិន និងពិនិត្យសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទីក្រុងសេឡឹម លោកជំទាវ លឹម ចាន់លីដា ប្រធានក្រុមការងារទីក្រុងសេឡឹម បានលើកឡើងអំពី យុទ្ធសាស្ត្រដឹកនាំ ការប្តេជ្ញាចិត្ត បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីពង្រឹងការរៀបចំ និងការអនុវត្តការងាររបស់ក្រុមការងារទីក្រុងសេឡឹមឱ្យកាន់តែមានប្រសិទ្ធភាព និងមានការចូលរួមពីសមាជិកកាន់តែសកម្ម។

នៅចុងបញ្ចប់ លោកឧកញ៉ា ស្រី ចាន់ថន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទីក្រុងសេឡឹម ដែលបានខិតខំបំពេញការងារកន្លងមក។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តពង្រឹងសាមគ្គីភាព កិច្ចសហការ ការទទួលខុសត្រូវ និងការអនុវត្តផែនការការងារឱ្យបានជាក់លាក់ ព្រមទាំងតាមដានលទ្ធផលជាប្រចាំ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារទីក្រុងសេឡឹម។

You might also like