បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣លួចកាត់ខ្សែភ្លើង នៅក្នុងរោងចក្រក្នុងស្រុកភ្នំស្រួច រត់គេចមកក្រុងច្បារមន
ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីក្រុមជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច រត់គេចមកក្រុងច្បារមន។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីក្រុមជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។
កាលពីវេលាម៉ោង២៣:២៤នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងរោងចក្រពីស្រុកភ្នំស្រួច។ក្រោមវិធានជំនាញរបស់កម្លាំងអាវុធហត្ថ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រទុកចោលមិនដំណើរមួយកន្លែងមែន ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមាន ទី០១មានឈ្មោះ សុន ប៊ុននឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ ណន ណាវី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០៣មានឈ្មោះ ពៅ កក្កដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលធ្នង់ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដូចគ្នា។ក្នុងនោះចាប់យកវត្ថុតាងបានរួមមាន(កាំបិតផ្កាក់ចំនួន០១,កន្រ្តៃកាត់ខ្សែភ្លេីងចំនួន០១,ទូរស័ព្ទដៃ០២គ្រឿង,ម៉ូតូ០១គ្រឿង និងលួសស្ពាន់មួយចំនួនថែមទៀត។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕






