ក្រសួងធនធានទឹក ៖ គិតត្រឹមនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានស្រកចុះជាបន្តបន្ទាប់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបុរី បានស្រកចុះជាបន្តបន្ទាប់ ដោយបានស្រកផុតពីលើដងផ្លូវទាំងស្រុងហើយ។ ក្រសួងប្រកាសបែបនេះ ក្នុងពេលចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាច្រកមុខរំដោះទឹក ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានចុះសិក្សាច្រករំដោះទឹកជំនន់លិចក្រុងប៉ោយប៉ែត ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ដែលជាប្រភពទឹកធ្លាក់មកពីប្រទេសថៃ។ ក្រសួងធនធានទឹក បញ្ជាក់ថា ក្រុមការងារបានសិក្សាច្រករំដោះទឹកឱ្យហូរតាមបណ្តោយអូរល្ហុង ចូលទៅស្ទឹងមង្គលបុរី និងបន្តធ្លាក់ទៅបឹងទន្លេសាប។ ដោយឡែក ចំពោះអូរល្ហុងដែលមានផ្នែកខ្លះរងការបិទខ្ទប់ និងរួមតូចនោះ តម្រូវឱ្យក្រុមការងារបន្តសិក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំផែនការរំដោះទឹក និងដោះស្រាយបញ្ហាហូរលិចឱ្យមានប្រសិទ្ធភាព៕

You might also like